កម្ពុជា និងអាល្លឺម៉ង់ ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យអាទិភាពនានារវាងប្រទេសទាំងពីរ
កម្ពុជា និងអាល្លឺម៉ង់ បានរៀបចំពិភាក្សាលើកិច្ចចរចាស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រូវបានធ្វើឡើងរវាងតំណាងជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងតំណាងជាន់ខ្ពស់រដ្ឋាភិបាលអាល្លឺម៉ង់ កាលពីថ្ងៃ ទី ១៧-១៨ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងបោននៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ។
ប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈប្រតិភូកម្ពុជា ដែលអមដោយឯកឧត្តមឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងមានការចូលរួមពីតំណាងជាន់ខ្ពស់របស់ក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ចំនួន១០។
សូមជម្រាបជូនថា គោលដៅចម្បងនៃកិច្ចចរចារវាងភាគីកម្ពុជា និងអាល្លឺម៉ង់នេះគឺ ទី១ពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ទី២ពិភាក្សាលើវិស័យអាទិភាពនានា នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី ទាំងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពនយោបាយ និងទី៣តម្រង់ទិសកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍នាពេលអនាគត៕ by AKP