គណៈប្រតិភូរដ្ឋសភា កម្ពុជា ឡាវ វៀតណាម (CLV) បានស្ដាប់របាយការណ៍និងពិភាក្សាជាមួយអភិបាលខេត្តទាំង៤ ក្នុងតំបន់ត្រីកោណ
នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ គណៈប្រតិភូរដ្ឋសភា កម្ពុជា ឡាវ វៀតណាម (CLV) បានស្ដាប់របាយការណ៍និងពិភាក្សាជាមួយអភិបាលខេត្តទាំង៤ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ជាប់ព្រំដែនឡាវ រួមមានខេត្តចំប៉ាសាក់ ខេត្តសាលាវណ្ណ ខេត្តសេកុង និងខេត្តអាតាពឺ។ សូមបញ្ជាក់ថា គណៈប្រតិភូរដ្ឋសភាកម្ពុជាត្រូវបានដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម Linkham DOUANSAVANH ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច បច្ចេកវិទ្យា និងបរិស្ថាន បានលើកឡើងថា ភាគីទាំងបីក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍គួរជម្រុញ SME ឱ្យវិនិយោគឱ្យបានច្រើនក្នុងតំបន់ត្រីកោណ ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសទេសចរណ៍បៃតងប្រឆាំងការជួញដូរមនុស្ស និងការទប់ស្កាត់ភេរវកម្មឆ្លងដែនជាដើម។ ខេត្តទាំង៤មានគម្រោងអភិវឌ្ឍន៍ជាច្រើន នៅក្នុងនោះ ខេត្តចំប៉ាសាក់តែមួយ មាន៦៦គម្រោង ក្នុងទំហំទឹកប្រាក់ជាង៩០០លានដុល្លារ។ គម្រោងអាទិភាពចំនួន២ នៅក្នុងខេត្តចំប៉ាសាក់ គឺគម្រោងកសាងផ្លូវលេខ៧២ ចំណាយថវិកា៨លានដុល្លារ និងគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនកម្ពុជា-ឡាវ ចំណាយថវិកាជាង៣លានដុល្លារ។ គម្រោងទាំងអស់នេះបាននិងកំពុងផ្ដល់ប្រយោជន៍ដល់ប្រជាជនប្រមាណជា១,៤លាននាក់នៅក្នុងខេត្តទាំង៤នេះរបស់ប្រទេសឡាវ។ សក្ដានុពលលេចធ្លោផ្សេងទៀតនៃខេត្តរបស់ប្រទេសឡាវក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ គឺទំនប់វារីអគ្គិសនី ដំណាំកាហ្វេ តែ រ៉ែ ឈើឧស្សាហកម្ម និងទេសចរណ៍ជាដើម។
ឯកឧត្ដម សួស យ៉ារ៉ា ប្រធានគណៈប្រតិភូកម្ពុជាបានកោតសរសើរចំពោះគម្រោងវិនិយោគនានានៅក្នុងខេត្តទាំង៤ គាំទ្រគំនិតជម្រុញបញ្ចប់ការបោះបង្គោលព្រំដែន ដើម្បីធ្វើឱ្យព្រំដែនកម្ពុជា-ឡាវ-វៀតណាម ក្លាយជាព្រំដែនសន្តិភាពនិងអភិវឌ្ឍន៍យូរអង្វែង។ ឯកឧត្ដមក៏បានគាំទ្រផងដែរដល់ការជួយជម្រុញឱ្យមាន SME ច្រើននៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍។ ឯកឧត្ដមថែមទាំងបានលើកគំនិតផ្ដួចផ្ដើមបង្កើត “សមាគមរដ្ឋសភាដងទន្លេមេគង្គ” គាំទ្រការធ្វើសុខដុមនីយដកម្មច្បាប់នៃប្រទេសទាំងបី និងជម្រុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា និងទេសចរណ៍ជាដើម។
ចំណែកឯកឧត្តម វ៉ូ ហាយហា ប្រធានគណៈប្រតិភូវៀតណាម ឯកឧត្តមបានមានប្រសាសន៍ថា ប្រទេសទាំងបីត្រូវជម្រុញទេសចរណ៍នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ឱ្យបាន៣,៣លាននាក់ ក្នុងមួយឆ្នាំដូចដែលបានកំណត់រួចហើយ ប៉ុន្តែមកទល់ពេលបច្ចុប្បន្ននេះ តំបន់ត្រីកោណទើបទទួលទេសចរបានជាង២លាននាក់ប៉ុណ្ណោះ។ ដូច្នេះ ភាគីទាំងបីគួរពិចារណាលើការជួយសម្របសម្រួលបែបបទគយ និងលិខិតស្នាមផ្សេងៗឱ្យទាន់ពេលវេលា និងឆាប់រហ័ស។ ពាក់ពន្ធ័នឹងការបណ្តុះបណ្តាល ខេត្តទាំង៥របស់វៀតណាមមានសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ មហាវិទ្យាល័យជាច្រើន។ ភាគីវៀតណាបានលើកសំណើសុំឱ្យមានការចែករំលែកព័ត៌មានអំពីការបណ្ដុះបណ្ដាលវិជ្ជាជីវៈជាមួយគ្នា ដើម្បីងាយបង្កើតផែនការឱ្យត្រូវនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ឯកឧត្ដមបានគូសបញ្ជាក់ផងដែរថា វិស័យសុខាភិបាលជាវិស័យអាទិភាពមួយសម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍ ដូច្នេះប្រទេសទាំងបីគួរជួយជម្រុញបង្កើតមន្ទីរពេទ្យ និងជម្រុញឱ្យមានការពិគ្រោះជំងឺតាមអនឡាញ៕ by AKP