គណៈប្រតិភូនៃគម្រោង Fair For All របស់អង្គការ Oxfam ចំនួន៣០នាក់ មកពីប្រទេសចំនួន១០បានមកទស្សនកិច្ចសិក្សាគម្រោងស្រូវមិត្តក្រៀលនៅតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត

គណៈប្រតិភូនៃគម្រោង Fair For All របស់អង្គការ Oxfam ចំនួន៣០នាក់ មកពីប្រទេសចំនួន១០ មានដូចជា៖ ប្រទេសវៀតណាម ថៃ ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ហូឡង់ ឥណ្ឌា នេប៉ាល់ បានធ្វើទស្សនកិច្ចសិក្សាគម្រោងស្រូវមិត្តក្រៀល នៅតំបន់ការពារទេស ភាពអន្លង់ព្រីង ខេត្តកំពត កាលពីចុងសប្ដាហ៍មុន។ នេះបើតាមការឱ្យដឹងពីមន្ត្រីអង្គការជីវិតធម្មជាតិនៅកម្ពុជា (Nature Life) នៅថ្ងៃអាទិត្យ ៨កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣។
ក្នុងនាមជាម្ចាស់គម្រោង អង្គការជីវិតធម្មជាតិនៅកម្ពុជា (Nature Life) បានធ្វើបទបង្ហាញសាវតា គោលដៅ លក្ខណវិនិច្ឆ័យ នីតិវិធី និងផលប្រយោជន៍ដែលគម្រោងស្រូវមិត្តក្រៀលផ្តល់សត្វក្រៀល អេកូឡូស៊ីតំបន់ដីសើម និង បង្កើនជីវភាពរបស់សហគមន៍។ គណៈកម្មការសហគម៍ផលិតស្រូវមិត្តក្រៀល ក៏បានចូលរួមចែករំលែកពីគុណសម្បត្តិ និងកត្តាប្រឈមដែលពួកគាត់បានជួបប្រទះក្រោយពេលចូលរួមជាមួយគម្រោងស្រូវមិត្តក្រៀលនេះផងដែរ។
ជាការកត់សម្គាល់គណៈប្រតិភូមានការចាប់អារម្មណ៍ ព្រមទាំងលើកជាសំណួរជាច្រើន ទៅកាន់គណៈកម្មការសហគមន៍ផលិតស្រូវមិត្តក្រៀល និងលោកនាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា ដោយផ្តោតទៅលើកត្តាប្រឈមការចូលរួមរបស់ស្រ្តី អេកូឡូស៊ីរបស់សត្វក្រៀល និងនិរន្តរភាពរបស់គម្រោង។ សូមជម្រាបជូនថា មកដល់ឆ្នាំទី៣នេះ កសិករស្រូវមិត្តក្រៀលមានការកើនឡើងពី៤០គ្រួសារដល់ ១២០គ្រួសារ។ ដោយឡែកផ្ទៃដីស្រែស្រូវមិត្តក្រៀល ក៏បានកើនឡើងដល់ ១៣២ហិកតា ផងដែរ។
ក្រោយបញ្ចប់កិច្ចប្រជុំរួចមក លោក ឈឹម ម៉េង នាយកតំបន់ការពារទេសភាពអន្លង់ព្រីង បានដឹកនាំប្រតិភូទៅទស្សនកិច្ចស្រូវមិត្តក្រៀល នៅលើទីវាលផ្ទាល់តែម្តង។ ទស្សនកិច្ចបានបញ្ចប់ជាមួយភាពរីករាយ ទទួលបានចំណេះដឹង និងបទពិសោធន៍ ព្រមទាំងលើកទឹកចិត្តដល់គម្រោងយើងដោយចូលរួមទិញអង្ករមិត្តក្រៀលផងដែរ ។ គណៈប្រតិភូក៏បានអរគុណផងដែរ ដល់គណៈកម្មការសហគមន៍អេកូទេសចរណ៍អន្លង់ព្រីង ដែលចែករំលែកការងាររបស់សហគមន៍ និងទទួលទានអាហារថ្ងៃត្រង់ដ៏ឈ្ងុយឆ្ងាញ់ផងដែរ៕​ by AKP

អត្ថបទដែលជាប់ទាក់ទង