ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង វូ ហៃសាន ( VU Hai San ) អនុរដ្ឋមន្ត្រី ក្រសួងការពារប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង វូ ហៃសាន ( VU Hai San ) អនុរដ្ឋមន្ត្រី ក្រសួងការពារប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលឯកឧត្តម ដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់កងទ័ព ប្រជាជនវៀតណាម មកបំពេញដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ដើម្បី ចូលរួមពិធីបើកពិព័រណ៍ផលិតផលការពារជាតិ មិត្តភាពកម្ពុជា-វៀតណាម នៅមជ្ឈមណ្ឌល សន្និបាតកោះពេជ្រ ក្នុងរាជធានីភ្នំពេញ។
ក្នុងជំនួបនោះ ឯកឧត្តម វូ ហៃសាន បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដែលបានឆ្លៀតពេលដ៏មមាញឹក អនុញ្ញាតឱ្យ ឯកឧត្តម និងគណៈប្រតិភូ បានជួបសម្តែងការគួរសម នាពេលនេះ ដោយ ឯកឧត្តម បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម និងគណៈប្រតិភូមកកាន់ កម្ពុជាលើកនេះ មានគោលបំណងជាចម្បង គឺដើម្បីពង្រឹងពង្រីកទំនាក់ទំនងជាប្រពៃណី និងជាប្រវត្តិសាស្ត្ររវាងកងទ័ពប្រទេសទាំងពីរវៀតណាម-កម្ពុជា ហើយក៏បានចូលរួម ក្នុងកម្មវិធីបើកពិព័រណ៍ផលិតផលការពារជាតិ មិត្តភាព វៀតណាម-កម្ពុជា នៅក្នុង មជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ក្នុងរាជធានីភ្នំពេញផងដែរ។ឯកឧត្តម វូ ហៃសាន បានសង្កត់ធ្ងន់ថា វៀតណាម នៅតែបន្តជួយឧបត្ថម្ភគាំទ្រ ដល់ កងយោធពលខេមរភូមិន្ទលើគ្រប់ផ្នែក ពិសេស ការបណ្តុះបណ្តាល ធនធានមនុស្ស ច្រើនថ្នាក់ ច្រើនជំនាញ ដើម្បីរួមចំណែកកសាងកងយោធពលខេមរភូមិន្ទ ឱ្យមានការរីក ចម្រើនបន្ថែមទៀត។
នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ជូនសាជាថ្មីដល់ភាគីមិត្ត ពីការយកចិត្ត ទុកដាក់ ការខិតខំពូនជ្រំនៃការរឹតចំណងសាមគ្គីភាព មិត្តភាព របស់រាជរដ្ឋាភិបាលថ្មី នីតិកាលទី៧ រួមជាមួយកងទ័ព និងប្រជាជនកម្ពុជា ក្នុងការបន្តថែរក្សាចំណងសាមគ្គីភាព មិត្តភាពអមតៈ ដែលមានតាំងពីយូរមកហើយតាមរយៈថ្នាក់ដឹកនាំជំនាន់ មុនឱ្យកាន់តែ ល្អថែមទៀត ដើម្បីធ្វើឱ្យសន្តិសុខ តាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរកម្ពុជា-វៀតណាម កាន់តែមានការអភិវឌ្ឍ សេដ្ឋកិច្ចរីកចម្រើនរុងរឿងដូចពេលបច្ចុប្បន្ន និងទៅអនាគត។ទន្ទឹមនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ ក៏បានផ្ដល់ការលើកទឹកចិត្តឱ្យកងទ័ពនៃប្រទេសទាំងពីរ បន្តរួមសហការ គ្នាថែមទៀត ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី ស្របតាមពាក្យស្លោកថា “ភាពជា អ្នកជិតខាងល្អ មិត្តភាពប្រពៃណីសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង” ៕ by AKP