អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការបណ្តេញជនជាតិជប៉ុនភេទប្រុស សរុប ២៥នាក់ ដែលពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)

ភ្នំពេញ៖ (ប្រភព រស្មីកម្ពុជា) នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការបណ្តេញជនជាតិជប៉ុនភេទប្រុស សរុប ២៥នាក់ ដែលពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធ​អនឡាញ (Online Scam) ចេញពីព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងប្រកាសរបស់ក្រសួងមហាផ្ទៃ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា ជនជាតិជប៉ុនទាំង២៥នាក់ ត្រូវបានឃាត់ខ្លួនដោយអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅអគារលេខ ៦៩ (D.B.Ly Tower) ផ្លូវលេខ១៥C សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងអំណរគុណចំពោះស្ថានទូតជប៉ុន ដែលបានផ្តល់ព័ត៌មានទាន់ពេលវេលា ឈានដល់ការបង្ក្រាប ឃាត់ខ្លួនជនសង្ស័យដោយជោគជ័យ និងសូមអំពាវនាវបណ្តាស្ថានទូតបរទេស និងជនបរទេស បន្តផ្តល់ព័ត៌មានដល់សមត្ថកិច្ច ប្រសិនបើមានព័ត៌មានពាក់ព័ន្ធបទល្មើសនានា ដើម្បីមានវិធានការទាន់ពេលវេលា។
ប្រភពដដែលបានបន្តថា កន្លងមកប្រទេសកម្ពុជាបានក្លាយជាប្រទេសរងគ្រោះ ដោយសារជនបរទេសតែងតែយកកម្ពុជា ជាទីតាំងប្រព្រឹត្តបទល្មើសដោយលួចលាក់ ធ្វើឲ្យប៉ះពាល់ដល់កេរ្ត៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិ។
ក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អង្គភាពពាក់ព័ន្ធ ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការស្រាវជ្រាវបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទឲ្យមានប្រសិទ្ធភាព៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង