ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ទទួលជួបពិភាក្សាការងារជាមួយ លោក Shen Tian អនុតំណាងអចិន្រ្តៃយ៍នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំអង្គការសហប្រជាជាតិ

(ទីក្រុងហ្សឺណែវ ប្រទេសស្វីស) ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងកិច្ចប្រជុំលើកទី២១ នៃរដ្ឋភាគីអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោក Shen Tian អនុតំណាងអចិន្រ្តៃយ៍នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំអង្គការសហប្រជាជាតិ។
ក្នុងជំនួបពិភាក្សានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះចំណងទំនាក់ទំនងដ៏រឹងមាំជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែចូលរួមកសាង និងការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះរួមទាំងវិស័យសកម្មភាពមីនមនុស្សធម៌ និងការគាំទ្រដល់កម្ពុជាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ កិច្ចប្រជុំស្តីពីសិទ្ធិមនុស្ស ការរំសាយសពា្វវុធ និងបញ្ហាក្នុងតំបន់ផ្សេងទៀត។ ទោះបីសាធារណរដ្ឋប្រជាមានិតចិន មិនមែនជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ប៉ុន្តែប្រទេសចិនគឺជារដ្ឋសង្កេតការណ៍ និងតែងតែផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ការងារបោសសម្អាតមីន ជំនួសការចូលរួមចំណែកក្នុងអនុសញ្ញានេះ។លោក Shen Tian បានសម្តែងនូវការអបអរសាទរ និងគាំទ្រចំពោះភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ ទោះបីជាចិនមិនមែនជារដ្ឋភាគីក្តី ហើយភាគីចិននឹងបន្តជួយគាំទ្រកម្ពុជា ក្នុងការងារសកម្មភាពមីន រួមទាំងហិរញ្ញវត្ថុ សម្ភារៈ និងការបណ្តុះបណ្តាល ជាដើម។ ភាគីចិនកំពុងត្រៀមរៀបចំការចុះអនុស្សរណៈយោគយល់ជាមួយអាជ្ញាធរមីន លើកិច្ចសហប្រតិបត្តិការ ៣ឆ្នាំ តាមការស្នើសុំរបស់រាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរមីន។ ជាមួយគ្នានេះ ប្រទេសចិន បានបង្ហាញពីបំណងក្នុងការគាំទ្រដល់ភាពជាប្រធាន និងម្ចាស់ផ្ទះរបស់កម្ពុជា នៅក្នុងការជំរុញសកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ា គឺការជំរុញប្រទេសមិនមែនជារដ្ឋភាគី ឱ្យចូលរួមជារដ្ឋសមាជិក និងចូលរួមកិច្ចប្រជុំឆ្នាំក្រោយ៕ by AKP

អត្ថបទដែលជាប់ទាក់ទង