«យក្សអរ រ្ហេ មួយយើមួយ ហៃយ៉ើស» ជាសំឡេងរបស់កីឡាករអុំទូក ដែលគេនឹងឮនៅសប្តាហ៍ក្រោយនេះ លើផ្ទៃទន្លេសាបមុខព្រះបរមរាជវាំង ក្នុងព្រះរាជពិធិបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ
«យក្សអរ រ្ហេ មួយយើមួយ ហៃយ៉ើស» ជាសំឡេងរបស់កីឡាករអុំទូក ដែលគេនឹងឮនៅសប្តាហ៍ក្រោយនេះ លើផ្ទៃទន្លេសាបមុខព្រះបរមរាជវាំង ក្នុងព្រះរាជពិធិបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ។ កីឡាករទូក.ងខ្លះ បានភ្ជាប់មកជាមួយនូវ ស្គរ ទ្រ ឆៃយ៉ាំ ដើម្បីលេងកម្សាន្តនៅពេលទទួលជ័យជម្នះ និងក្រោយការប្រណាំងទូករួចហើយនោះ បានធ្វើឱ្យបរិយាកាសនៅមាត់ទន្លេ មានសភាពអ៊ូអរ កងរំពងក្រោមស្នាមញញឹមរបស់ពលរដ្ឋ និងអ្នកចូលរួមទស្សនា។
ពិធីប្រណាំងទូក បានចាក់ឬសយ៉ាងជ្រៅក្នុងក្រអៅបេះដូងខ្មែរ ជាពិសេសពលរដ្ឋនៅទីជនបទ។ ការប្រណាំងទូក ដែលមានចារិតលើប្រាសាទនានារបស់ខ្មែរ បង្ហាញពីភាពរុងរឿង នៃកង ទ័ពទូក របស់អាណាចក្រខ្មែរកាលពីអតីតកាលនោះ បានក្លាយជានិមន្តរូបប្រចាំវត្ត ប្រចាំតំបន់ របស់ពលរដ្ឋ។ មានន័យថា ទូក.ងអាចជាអត្តសញ្ញាណរបស់អ្នកភូមិ អ្នកស្រុកម្ចាស់ទូក។ ទូក.ងស្រុក-ភូមិគាត់ឈ្នះ គឺជាមោទកភាពរបស់ពលរដ្ឋក្នុងសហគមន៍នោះ។បច្ចុប្បន្ន ការប្រណាំងទូក.ង បានក្លាយជាប្រពៃណីដ៏សប្បាយរីករាយនៅក្នុងសង្គមខ្មែរ។ ក្រៅពីការប្រារព្ធនៅភ្នំពេញ ដែលមានតែម្តងក្នុងមួយឆ្នាំ ហើយនៅទីជនបទខ្លះ គេប្រណាំងទូកក្នុងមួយឆ្នាំច្រើនដង ដោយគេប្រណាំងទូក នៅពេលមានបុណ្យកឋិនទាន ពេលចេញវស្សាជាដើម។ តំបន់ ឬវត្តមួយដែលមានទូក.ង តែងតែងរៀបចំការប្រណាំងទូក ដោយបានអញ្ជើញទូក.ងនៅជិតៗនោះ មកចូលរួមប្រណាំងកម្សាន្តយ៉ាងសប្បាយ។សូមជម្រាបថា នៅក្នុងឃុំខ្លះ មានវត្តចំនួន៤ ហើយវត្តទាំង៤នោះ សុទ្ធតែមានទូក.ងប្រចាំវត្ត នីមួយៗ ដូច្នេះការចូលរួមរបស់ឃុំពី ឬបី គេអាចបង្កើតជាព្រឹត្តិការណ៍ប្រណាំងទូក.ងប្រចាំ មូលដ្ឋានបានយ៉ាងកុះករ។ទូក.ង បានកសាងឡើងនៅតាមវត្តអារ៉ាមនានាស្ទើរទូទាំងប្រទេស ជាពិសេសនៅវត្ត និងសហគមន៍តាមបណ្តាទីតាំងនៅជាប់ដងទន្លេ ដូចជា ៖ ទន្លេមេគង្គ ទន្លេសាបជាដើម ឬតំបន់ ដែលមានទឹក ដែលអាចរៀបចំការប្រណាំងទូកបាន ហើយពលរដ្ឋក៏នាំគ្នាសាងសង់ទូក.ងឡើង ដើម្បីចូលរួមពិធីនានា បង្កើតបរិយាកាសសប្បាយរីករាយក្នុងសហគមន៍។ ខេត្តកំពង់ធំ ខេត្តកណ្ដាល កំពង់ចាម បាត់ដំបង ព្រៃវែង កំពង់ឆ្នាំ ក្រចេះ ត្បូងឃ្មុំ ពោធិ៍សាត់ ស្ទឹងត្រែង និងខេត្តក្រចេះ សុទ្ធសឹងជាខេត្តមានទូក.ងច្រើនជាងគេ ដោយសារខេត្តទាំងនោះស្ថិតនៅជាប់ទន្លេ។នៅពេលទូក.ង ប្រចាំវត្ត ប្រចាំតំបន់របស់ខ្លួន ត្រូវទម្លាក់ដាក់ក្នុងទឹក ដើម្បីចូលរួមការប្រណាំងម្តងៗ ពលរដ្ឋចំណុះជើងវត្តតែងតែចេញពីផ្ទះមកស្វាគមន៍ ជូនដំណើរឱ្យពរជ័យដល់ទូក.ងរបស់គេទទួលបានជ័យជម្នះ។ ហើយនៅមុនការប្រណាំងម្តងៗ កីឡាករអុំទូក ត្រូវហាត់ហ្វឹកសមកម្លាំងជាច្រើនថ្ងៃផងដែរ។ពីដើមឡើយ ទូក.ង ត្រូវគេកសាងឡើងក្នុងប្រវែងខ្លីៗប៉ុណ្ណោះ អាចថាមានចំណុះចាប់ពី២០ទៅ៤០នាក់ ប៉ុន្តែបច្ចុប្បន្ននេះ ទូក.ង ត្រូវគេធ្វើឡើងមានលក្ខណៈវែង ដែលមានចំណុះអាចដល់៥០នាក់ទៅ៧០នាក់។ មិនត្រឹមតែប៉ុណ្ណោះ ទូក.ង គេជឿថា មានល្បឿនកាន់តែលឿន មានភាពសប្បាយ រីករាយកាន់តែខ្លាំង មានកម្លាំងអុំច្រើននាក់ មានសំឡេងហ៊ោក៏ឮដែរ។នៅពេលទូក.ងរបស់ខ្លួន ឡើងមកចូលរួមប្រណាំងក្នុងព្រះរាជពិធិបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញម្តងៗ ពលរដ្ឋមានកម្លាំងចុះធ្វើជាកីឡាករអុំទូក ខណៈពលរដ្ឋចាស់ៗមិនសូវមានកម្លាំង ស្ម័គ្រចិត្តមកតាមទូក.ង ដើម្បីជួយចម្អិនអាហារ ផ្គត់ផ្គង់ការហូបចុកដល់កីឡាករអុំទូក។ ចំណែកពលរដ្ឋនៅស្រុក-ភូមិវិញ នាំគ្នាតាមដានការប្រណាំងទូក តាមទូរទស្សន៍ ស្តាប់វិទ្យុ ឬមើលតាមបណ្តាញសង្គមជាដើម។ ហើយបើថា ទូក.ងប្រចាំវត្តខ្លួន ទទូលបានជ័យជម្នះវិញនោះ សំឡេងហ៊ោនឹងលាន់ឭពេញសហគមន៍តែម្តង។ទូក.ង ឈ្នះបាននាំមកនូវភាពរីករាយ ក្តីសប្បាយដល់ពលរដ្ឋនៅក្នុងសហគមន៍ ហើយគេបានចាត់ទុកថា ជាមោទនកភាពមួយ ដែលទូក.ងប្រចាំវត្តរបស់គេមានល្បឿនលឿន។ទូក.ង ត្រូវគេលាប គូរថ្នាំពណ៌យ៉ាងស្រស់ស្អាត ជាមួយនឹងការដាក់ឈ្មោះភ្ជាប់អត្ថន័យទៅនឹងស្រុក-ភូមិរបស់គេ ឬតាមការចូលចិត្តរបស់សហគមន៍។ នៅក្នុងរយៈពេលចុងក្រោយនេះ ការដាក់ឈ្មោះទូក.ង មានការផ្លាស់ប្តូរពីសម័យដើម ដោយបានភ្ជាប់ឈ្មោះសប្បុរសជន ដែលបានជួយឧបត្ថម្ភគាំទ្រដល់ការសាងសង់ទូក.ងនោះ ហើយទូក.ងខ្លះក៏បានភ្ជាប់ឈ្មោះជាមួយនាមថ្នាក់ដឹកនាំតែម្តង។អ្នកមានទូក.ង តែងតែស្រឡាញ់ និងគាំទ្រទូករបស់សហគមន៍គេ ហើយជំនឿជាច្រើនត្រូវគេប្រណិប័តន៍សម្រាប់ទូក.ងនីមួយៗ ដោយទូក.ងខ្លះគេមិនឱ្យស្ត្រីទៅប៉ះ ឬទូក.ងខ្លះល្បឿនលឿន ឬយឺតអាស្រ័យទៅលើការបន់ស្រន់ សែនព្រេន រហូតដល់ពេលមិនទទួលជ័យជម្នះ គេថា មកពីនេះ មកពីនោះជាដើម។ ទាំងនោះ គឺជាជំនឿរបស់ពលរដ្ឋដែលបានប្រកាន់ភ្ជាប់តាំងពីដើមរៀងៗខ្លួន និងផ្សេងៗទៅតាមតំបន់។ការយកទូក.ងមកប្រណាំងនៅភ្នំពេញម្តងៗ គេត្រូវចំណាយថវិកាជាច្រើនទៅលើការហូបចុក របស់កីឡាករ និងការធ្វើដំណើរ។ ទូកខ្លះ គេនាំមកភ្នំពេញ ដោយត្រូវលើកដាក់លើរថយន្តវែងៗ។ មិនត្រឹមតែប៉ុណ្ណោះ ទូក.ង ពីតំបន់ខ្លះ គេត្រូវសណ្តោងតាមកាណូតក្នុងផ្លូវទឹកក៏មានដែរ។ ទោះបីជាមានការឧបត្ថម្ភពីគណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិក្តី តែថវិកាទាំងនោះមិនគ្រប់គ្រាន់ក្នុងការចំណាយ ពេលមកស្នាក់នៅភ្នំពេញនោះទេ។ ប៉ុន្តែបើគ្មានការឧបត្ថម្ភពីសប្បុរសជនផ្សេងទៀតទេ ចំណុះទូកនឹងជួបការលំបាក។ ហើយបើគ្មានការឧបត្ថម្ភពីសប្បុរសជនទូក ខ្លះត្រូវពឹងលើប្រាក់បរិច្ចាគរបស់ប្រជាពុទ្ធបរិស័ទចំណុះជើងជាដើម។ កន្លងមក ទូក.ងដែលគ្មានមន្ត្រី ឬថ្នាក់ដឹកនាំជួយឧបត្ថម្ភ ការហូបចុកមិនសូវសម្បូរនោះឡើយ ត្រង់ចំណុចនេះ ចំណុះទូក.ងជាច្រើនតែងតែសំណូមពរឱ្យមានការរៀបចំ និងគាំទ្រដល់ទូក.ងដែលខ្វះខាត។ទោះបីជាខ្វះខាតថវិកា ទោះថាត្រូវមានអ្នកឈ្នះ និងមានអ្នកចាញ់យ៉ាងណាក្តី កីឡាករចំណុះទូក.ងទាំងអស់ មានក្តីសប្បាយរីករាយជាខ្លាំងនៅក្នុងព្រះរាជពិធីបុណ្យ៣ថ្ងៃនោះ។ ហើយកីឡាករសឹងទាំងអស់គ្នា នៅពេលបញ្ចប់ពិធីបុណ្យ សំឡេងរបស់ពួកគេឡើងស្អក និយាយ លែងចេញ ដោយសារតែ៣ថ្ងៃមកនេះ ពួកគាត់បានស្រែកបញ្ជាទូក ហ៊ោកញ្ច្រៀវយ៉ាងកងរំពងនៅកណ្តាលទន្លេ។«យក្សអរ រ្ហេ មួយយើមួយ ហៃយ៉ើស» នឹងក្លាយជាសំឡេងបង្ហាញពីមោទកភាពរបស់ខ្មែរ នៅក្នុងព្រះរាជពិធិបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នាឆ្នាំនេះ៕ អគុណសន្តិភាព