ធ្លាក់កម្ទេចធូបផ្សារដែក បណ្តាលឲ្យឆាបឆេះផ្ទះមួយកន្លែងអស់ទាំងស្រុង

ភ្នំពេញ៖ ករណីអគ្គិភ័យបានឆាបឆេះផ្ទះមួយកន្លែង បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ៨និង៤០នាទីព្រឹក ថ្ងៃទី០២​ ខែធ្នូឆ្នាំ២០២៣ ដែលស្ថិតនៅចំណុចផ្លូវ៣៥បេតេ ក្រុម៧​ ភូមិក្បាលទំនប់៣​ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ដោយទទួលបានបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាល និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគោលដៅ ដើម្បីចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។ នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់៣ឡាន ស្មេីរនឹង១២ម៉ែត្រគូប​​ រថយន្តជំនួយមកពីក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿង​ ប្រេីប្រាស់ទឹកអស់ចំនួន១គ្រឿង​ ស្មេីរនឹង៦ម៉ែត្រគូប។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ជាប្រភេទសំណង់​ ថ្មបេតុង ទំហំ (៥ម៉ែត្រ គុណ ១២ម៉ែត្រ) បានបណ្តាលឲ្យឆេះជាន់ឡៅតឿចំនួន​ ១បន្ទប់ ខូចខាតសម្ភារៈប្រេីប្រាស់ប្រចាំថ្ងៃក្នុងបន្ទប់អស់ទាំងស្រុង និងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ជូនបន្ថែមទៀតថា ចំពោះករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការគ្រប់គ្រង់ទាំងស្រុងនៅវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃខែឆ្នាំដដែល ដោយក្នុងហេតុការណ៍នេះ គឺបានបណ្តាលឲ្យបុរសម្នាក់រងរបួសស្រាល រីឯមូលហេតុគឺបណ្តាលមកពីធ្លាក់កម្ទេចធូបផ្សារដែក ទើបបង្កជាអគ្គិភ័យ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង