ឯកឧត្តម ឃួង ស្រេង ណែនាំសិស្សានុសិស្ស ខិតខំប្រឹងប្រែងរៀនសូត្រ គឺដើម្បីខ្លួនឯង គ្រួសារផង និងចូលរួមអភិវឌ្ឍន៍សង្គមជាតិ

ភ្នំពេញ៖ នេះជាការអំពាវនាវរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈអញ្ជើញជាអធិបតី ក្នុងពិធីបើកបវសនកាលឆ្នាំសិក្សា២០២៣-២០២៤ និងចែករង្វាន់ដល់សិស្សពូករាជធានីភ្នំពេញ នៅវិទ្យាល័យ ជា ស៊ីម ឈូកវ៉ា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣។
នាឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានរំលឹកដល់សិស្សានុសិស្ស ក៏ដូចឪពុកម្តាយ អាណាព្យាបាលពីភាពខ្លោចផ្សារ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺវិស័យអប់រំត្រូវបានលុបចោលទាំងស្រុង ជាមួយនឹងការកាប់សម្លាប់គ្រូបង្រៀន និងអ្នកចេះដឹងអស់ស្ទើរដល់ប្ញសគល់។ ប៉ុន្តែក្រោយការរំដោះប្រទេសពីរបបនេះ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៧៩ កម្ពុជាបានបើកបវសនកាលឡើងវិញ ដោយពេលនោះ កម្ពុជាបានអនុវត្ត គឺអ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះតិច បង្រៀនអ្នកមិនចេះសោះ។
លោកអភិបាលរាជធានី បានបន្តថា សូមសិស្សានុសិស្សទាំងអស់ ព្យាយាមរៀនសូត្រ កុំដើរលេងកម្សាន្ត ច្រើនជាងការរៀនសូត្រ នាំឲ្យសោកស្ដាយនៅពេលអនាគត ខណៈដែលក្មួយៗ មានឱកាសក្នុងការសិក្សារៀនសូត្រ ក្រោមម្លប់នៃសន្តិភាព។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្លាំងណាស់ ដោយរកអស់គ្រប់មធ្យោបាយ ដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជា មានបន្តភាពរីកចម្រើនរុងរឿង ក្លាយជាប្រទេស ដែលមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០។
លោក ឃួង ស្រេង បានលើកទឹកចិត្តសិស្សានុសិស្ស បន្តការខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗ គឺដើម្បីខ្លួនឯងផង ដើម្បីគ្រួសារផង ពិសេសដើម្បីសង្គមជាតិរបស់យើងទាំងមូល ដោយពេលនេះមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការសិក្សារៀនសូត្រ ពោលគឺៗអាចរៀនសូត្របានតាមប្រព័ន្ធអ៊ីនធឺណែតថែមទៀតផង។
ការទទួលបានមេដាយរបស់សិស្សានុសិស្ស គឺជាកិត្តិយសផ្ទាល់ខ្លួន កិត្តិយសរបស់អាណាព្យាបាល ឪពុកម្ដាយ ហើយក៏ជាកិត្តិយសរបស់ជាតិយើងផងដែរ។ សម្រាប់អាជ្ញាធររាជធានីភ្នំពេញ តែងតែជួយគាំទ្រ ទាំងសម្ភារៈ និងថវិកា ជាមួយនឹងការតម្រង់ទិសឲ្យដើរផ្លូវត្រូវជៀសវាងការប្រព្រឹត្តនៅអបាយមុខផ្សេងៗ។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតក្រុមតេឡេក្រាមមួយ ដោយភ្ជាប់គ្នារវាងសាលារៀនជាមួយនឹងអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើយ៉ាងណាឲ្យនៅតាមសាលារៀន មានសន្តិសុខល្អ មិនមានគ្រឿងញៀន និងមិនមានក្រុមបងតូចបងធំ ដើម្បីឲ្យសិស្សានុសិស្ស បានសិក្សារៀនសូត្រ ក្លាយជាទំពាំងស្នងឬស្សីរបស់ជាតិ នាពេលអនាគត។
តាមរបាយការណ៍របស់លោក ហែម ស៊ីណារ៉ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានជូនរង្វាន់ដល់សិស្សានុសិស្សពូកែ តាមថ្នាក់មានចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២ តាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ មានចំនួន៣៨៩៤នាក់ ស្រី២៣៤៨នាក់ ក្នុងនោះចំណាត់ថ្នាក់លេខ១ ចំនួន១២៩៨នាក់ ស្រី៨០៥នាក់។ ចំណាត់ថ្នាក់លេខ២ ចំនួន ១២៩៨នាក់ ចំណាត់ថ្នាក់លេខ៣ ចំនួន១២៩៨នាក់
ស្រី៧៧៩នាក់។
លោកប្រធានមន្ទីរបន្តថា រាជធានីភ្នំពេញ បានរៀបចំប្រឡងជ្រើសរើសសិស្សពូកែទូទាំងរាជធានី ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលមកពីគ្រប់គ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជនទូទាំងរាជធានី មានចំនួន៨៧១នាក់ ស្រី៥១៨នាក់ បានជាប់ចំណាត់ថ្នាក់រាជធានី ចំនួន៦៦នាក់ ក្នុងនោះ យុវតី៣៣នាក់ ។
ដោយឡែក មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានបញ្ជូនសិស្សពូកែរាជធានី ចំនួន៦៦នាក់ ក្នុងនោះយុវតី ៣៣នាក់ ទៅចូលរួមប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅមណ្ឌលវិទ្យាល័យនេតយ៉ង់ ខេត្តបាត់ដំបង ដែលបេក្ខជនមកពីគ្រប់រាជធានី-ខេត្ត ចំនួន៤៨០នាក់។
ជាលទ្ធផល រាជធានីភ្នំពេញ ដណ្ដើមបានជ័យលាភី ចំនួន៧នាក់ យុវតី២នាក់ ក្នុងនោះ មេដាយមាស២ លើមេដាយមាសទូទាំងប្រទេស៦។ បេក្ខជនជ័យលាភី សិស្សពូកែ ថ្នាក់អន្តរជាតិ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជូនបេក្ខជនជាសិស្សពូកែទូទាំងប្រទេស ទៅចូលរួមប្រកួតប្រជែងថ្នាក់អន្តរជាតិ ក្នុងនោះសិស្សានុសិស្សរបស់រាជធានីភ្នំពេញ ចំនួន៨០នាក់ ទទួលមេដាយមាសចំនួន៨៥នាក់ ស្រី៥១នាក់ មេដាយប្រាក់ចំនួន៤៥នាក់ ស្រី១៩នាក់ មេដាយសំរឹទ្ធិ ចំនួន៥៧នាក់ ស្រី២៣នាក់៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង