ជំងឺវៀចមាត់ (paralysie faciale) បណ្តាលមកពីផលប៉ះពាល់នៃប្រព័ន្ធប្រសាទទី៧ ឬហៅថា nerf facial
ជំងឺវៀចមាត់បណ្តាលមកពីអ្វី?
ជំងឺវៀចមាត់ (paralysie faciale) គឺជាការចុះខ្សោយនៃសាច់ដុំផ្ទៃមុខដែលបណ្តាលមកពីផលប៉ះពាល់នៃប្រព័ន្ធប្រសាទទី៧ ឬហៅថា nerf facial។
ជំងឺវៀចមាត់មានពីរប្រភេទ៖
១- ជំងឺវៀចមាត់ប្រព័ន្ធប្រសាទក្រៅ (périphérique)
២- ជំងឺវៀចមាត់ប្រព័ន្ធប្រសាទកណ្តាល (centrale)
ក) រោគសញ្ញា៖
១. វៀចមាត់ប្រព័ន្ធប្រសាទក្រៅៈ
ជាការខ្សោយនៃសាច់ដុំផ្ទៃមុខមួយចំហៀងផ្នែកខាងដែលប៉ះពាល់។ ការវៀចមុខប្រព័ន្ធប្រសាទក្រៅពុំមានការចុះខ្សោយនៅអវៈយវៈទេ។
– ផ្ទៃមុខផ្នែកខាងលើ: ស្នាមជ្រួញនៃចិញ្ចើមមិនស្មើគ្នាពោលគឺខាងដែលខូចមានស្នាមជ្រួញថយចុះ ឬរលុបបាត់។
– ភ្នែក: បិតមិនជិត ឬជិតដែរតែមិនខ្លាំងបូករួមទាំងគ្រាប់ភ្នែកអាចទាញឡើងលើ និងចេញក្រៅ។
– ផ្ទៃមុខផ្នែកខាងក្រោម: ផ្នែកខាងដែលខូចគឺមានស្នាមជ្រួញនៅជិតច្រមុះថយចុះ ឬរលុបបាត់ហើយមាត់ទាញទៅផ្នែកខាងល្អ។
ការវៀចមាត់ប្រព័ន្ធប្រសាទក្រៅអាចមានបូករួមរោគសញ្ញាផ្សេងៗទៀតដូចជា អណ្តាតមិនដឹងរស់ជាតិ ស្ងួតទឹកភ្នែក ស្ងួតទឹកមាត់ជាដើម។
២. វៀចមាត់ប្រព័ន្ធប្រសាទកណ្តាលៈ
– ការប៉ះពាល់តែផ្ទៃមុខផ្នែកខាងក្រោម ពោលគឺមានតែការថយចុះ ឬរលុបបាត់ស្នាមជ្រួញនៅជិតច្រមុះ ហើយមាត់ទាញទៅផ្នែកខាងល្អ។
– រួមទាំងអាចមានការថយខ្សោយនៃអវៈយវៈមួយចំហៀងខ្លួនទៀត។
ខ) មូលហេតុនៃជំងឺវៀចមាត់៖
១. វៀចមាត់ប្រព័ន្ធប្រសាទក្រៅ:
– ការប៉ះទង្គិចបណ្តាលអោយបាក់ឆ្អឹងរូសេ (Os Rocher) ដែលមានទីតាំងស្ថិតនៅផ្នែកចំហៀងនៃក្បាល និងនៅខាងក្នុងនៃត្រចៀក។
– អំបៅអំបែកស្រួចស្រាវ ឬរ៉ាំរ៉ៃ។
– ជំងឺដែលប៉ះពាល់ដល់ស្រោមខួរក្បាលមានដូចជាៈ Maladie de lym, Zona, Listeriose, sclerose en plaque, sacoidose, Tuberculose។
– ជំងឺដុំសាច់ដែលបណ្តាលអោយប៉ះ ឬសង្កត់ទៅលើប្រព័ន្ធប្រសាទទីប្រាំពីរ ជាពិសេសផ្នែកខាងក្រោយ និងខាងក្រោមនៃខួរក្បាល។
– ជំងឺមេតាបូលីកដូចជាជំងឺទឹកនោមផ្អែម
– វៀចមាត់ប្រព័ន្ធប្រសាទក្រៅអាចមិនមានមូលហេតុ ឬក៏រកមូលហេតុមិនឃើញដែរ ហើយវាអាចជាទៅវិញ ក្នុងរយៈពេលតិចបំផុត២ខែ តែវាក៏អាចនៅមានសំណល់ ២០%ដែរ។
២. វៀចមាត់ប្រព័ន្ធប្រសាទកណ្តាល:
– ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល: ដាច់សរសៃឈាម ឬស្ទះសរសៃឈាមខួរក្បាល។
– ជំងឺដុំសាច់ ឬមហារីកខួរក្បាល
– ជំងឺ Sclerose en plaque
គ) ការធ្វើរោគវិនិច្ឆ័យ៖
ដើម្បីរកមូលហេតុនៃជំងឺវៀចមាត់នេះ ចាំបាច់ត្រូវមានការវិភាគអមវេជ្ជសាស្រ្តមួយចំនួនដូចតទៅៈ
– ការពិនិត្យឈាម
– ការបូមទឹកឆ្អឹងខ្នង
– ការវិភាគតាម CT scan ឬ MRI
ឃ) ការព្យាបាល៖
ការព្យាបាលជំងឺវៀចមាត់ គឺធ្វើឡើងទៅតាមមូលហេតុនីមួយៗរបស់ជំងឺៈ
– ការប្រើប្រាស់ថ្នាំ
– ការព្យាបាលដោយចលនា (Physiothérapie) និងធ្វើឲ្យអាការៈវៀចមាត់របស់អ្នកជំងឺឆាប់វិលមករកសភាពដើមវិញ
– ភ្នែកដែលបិតមិនជិតត្រូវការពារកុំឲ្យរលាក ដោយប្រើថ្នាំ និងត្រូវពាក់វែនតាការពារ។
“ដូច្នេះបើលោក លោកស្រីមានជំងឺវៀចមាត់ ឬមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមអញ្ជើញមកជួបក្រុមវេជ្ជបណ្ឌិតជំនាញឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យបានឆាប់រហ័សច្បាស់លាស់ និងឈានទៅរកការព្យាបាលប្រកបដោយជោគជ័យ និងប្រសិទ្ធភាពខ្ពស់”។