ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤
នៅព្រឹកថ្ងៃសុក្រ ៧កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា នេះជាកិច្ចប្រជុំលើកដំបូងប្រចាំឆមាសទី១ នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ដើម្បីត្រួតពិនិត្យលទ្ធផលការងារ។ ចាប់ពីនីតិកាលទី៥ នៃរដ្ឋសភាមក រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះជា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ក្នុងគោលដៅ ៖ ទី១)ជំរុញការផ្សព្វផ្សាយ និងជំរុញការអនុវត្តកម្មវិធីនយោបាយ ក្របខ័ណ្ឌ យុទ្ធសាស្ត្រ និងកម្មវិធីនៃការកែទម្រង់ ព្រមទាំងវិធានការគន្លឹះនានារបស់រាជរដ្ឋាភិបាល ទី២)ផ្សារភ្ជាប់រវាងមន្ត្រីសាធារណៈ និងមូលដ្ឋានដើម្បីបង្កើនសាមគ្គីភាព និងកិច្ចសហការប្រកបដោយជវភាព ទី៣)ស្វែងយល់ និងវាយតម្លៃពីស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន និងទី៤)ចូលរួមដោះស្រាយបញ្ហាជាក់ស្តែងនៅនឹងកន្លែងឱ្យបានទាន់ពេល និងប្រសិទ្ធភាពខ្ពស់ដើម្បីឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានចាត់ទុកការចុះបំពេញការងារនៅតាមមូលដ្ឋាន ជារបៀបរបបការងារដ៏សំខាន់ និងចាំបាច់។ យោងលើភាពចាំបាច់ និងលទ្ធផលល្អប្រសើររយៈពេលកន្លងមក រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានសម្រេចបន្តរក្សាយន្តការក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ព្រមទាំងបានកែសម្រួលសមាសភាពឱ្យស្របតាមស្ថានភាពជាក់ស្តែង៕