ឯកឧត្តម ហេង សួរ ៖ TVET គឺជាអណ្តូងមាស អណ្តូងប្រាក់ អណ្តូងសំណាង សម្រាប់ពលរដ្ឋក្រីក្រ

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស គឺជាអណ្តូងមាស អណ្តូងប្រាក់ អណ្តូងសំណាងសម្រាប់ប្រជាពលរដ្ឋក្រីក្រ ។ ការចូលរៀនក្នុងកម្មវិធីនេះពលរដ្ឋនឹងទទួលបានប្រាក់ឧបត្ថម្ភ ២៨ ម៉ឺនរៀលប្រចាំខែ ហើយថែមទាំងបានរៀនជំនាញដែលអាចអភិវឌ្ឍន៍ខ្លួនឱ្យចាកផុតពីភាពក្រីក្រទៀតផង ។ នេះជាការថ្លែងរបស់ ឯកឧត្តម ហេង សួរ រដ្ឋ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តកំពង់ឆ្នាំង ក្នុងពេលចុះផ្សព្វផ្សាយពីរបបសន្តិសុខសង្គម និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់ពលរដ្ឋមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្នុងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៤ ។
ក្នុងឱកាសផ្សព្វផ្សាយនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយពីអត្ថប្រយោជន៍នៃចូលរៀនក្នុងវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស គឺពលរដ្ឋក្រីក្រ និងងាយរងហានិភ័យ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ២៨ ម៉ឺនរៀល ការចូលរៀនមិនទាមទារកម្រិតវប្បធម៌ ទោះបីរៀនចប់ថ្នាក់ទី ១ ក៏អាចចូលរៀនបាន ហើយរៀនចប់បានសញ្ញាបត្រ ថែមទាំងរដ្ឋជួយរកការងារឱ្យធ្វើ ដោយទទួលបានប្រាក់ខែយ៉ាងតិចចាប់ពី ៨០ ម៉ឺនរៀលឡើង ។
ឯកឧត្តមថ្លែងថា ៖ «កុំឱ្យដោយសារជីវភាព អត់បានរៀនដល់បាក់ឌុបអត់បានអី អត់មានសញ្ញាបត្រ ឥឡូវរដ្ឋផ្តល់ឱកាសឱ្យមកចូលរៀនវគ្គបណ្តុះបណ្តាលនេះដោយមិនគិតពីប្រវត្តិអតីតកាលទេ ឱ្យតែមកចូលរៀន ខំរៀននឹងបានសញ្ញាបត្រ ១ អ៉ីចឹងអនាគតរបស់កូន-ក្មួយ នឹងក្លាយទៅជាមនុស្សម្នាក់ដែលមានជំនាញយកទៅប្រើបាស់មួយជីវិត ហើយរាជរដ្ឋាភិបាលធានាជួយរកការងារឱ្យធ្វើទៀត» ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ការជួយសម្រួលដល់ប្រជាពលរដ្ឋនៅក្នុងគ្រួសារក្រីក្របានចូលរៀនជំនាញ គឺជាការជួយឱ្យពួកគាត់ទទួលបានចំណូលបន្ថែម ចាកឆ្ងាយពីភាពក្រីក្រ ដែលប្រសើរជាងនៅផ្ទះធ្វើការងារតាមទម្លាប់ជាមួយឪពុកម្តាយ ឬទៅស៊ីឈ្នួលរកប្រាក់ដែលទទួលបានចំណូលមិនទៀងទាត់ ៕

អត្ថបទដែលជាប់ទាក់ទង