Detail Top Banner

គ្រោះថ្នាក់ចរាចរណ៍ ៖ «បុ.កគេស្លា.ប់ បង់លុយហើយរួចខ្លួន» លែងមានទៀតហើយ

ករណី​គ្រោះថ្នាក់​ចរាចរណ៍​បុក​មនុស្ស​ស្លា​.​ប់​ហើយ​បង់លុយ​រួចខ្លួន លែង​មាន​ទៀត​ហើយ គឺ​ត្រូវ​អនុវត្ត​ទោស​តាម​ច្បាប់ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ។
តាម​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម ឯកឧត្តម ជិន ម៉ា​លី​ន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៤ ឯកឧត្តម កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ដឹកនាំ​យុទ្ធនាការ​បាន​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ក្នុង​ការ​អនុវត្ត​យុទ្ធនា ការ​រយៈពេល​៦​ខែ ដោយ​មានការ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​នៃ​សាលា​ជម្រះក្តី និង​អង្គការ​អយ្យការ​អម​សាលា​ជម្រះក្តី​ទូ​ទាំង​ប្រទេស ។

ឯកឧត្តម អ្នកនាំពាក្យ​បាន​បញ្ជាក់​ថា ៖«​ក្នុង​កិច្ចប្រជុំ​នេះ​គណៈ​បញ្ជាការ​ដឹកនាំ​យុទ្ធនាការ​បាន​ពិនិត្យ និង​វា​.​យ​តម្លៃ​ឃើញ​ថា​ ពាក្យ​ថា «​បុក​គេ​ស្លា​.​ប់​បង់លុយ​ហើយ​រួចខ្លួន​» លែង​មាន​ទៀត​ហើយ​» ។

ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា គណៈ​បញ្ជាការ​ដឹកនាំ​យុទ្ធនាការ​ក៏​បាន​ពិនិត្យ​ឃើញ​ផង​ដែរ​ថា ការ​ដោះស្រាយ​សំណង​ជូន​ដល់​ជន​រង​គ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​បាន​គិតគូរ​យ៉ាង​យកចិត្តទុកដាក់ និង​ឆាប់រហ័ស ។ទន្ទឹម​នេះ​, ចំណាត់ការ​ផ្លូវច្បាប់​ទៅ​លើ​ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់ ស្រប​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន ។ ឯកឧត្តម​បញ្ជាក់​ថា ៖«​នៅ​ក្នុង​សំណុំរឿង​ចរាចរណ៍​នេះ​ក៏​ដូច​ជា នៅ​ក្នុង​សំណុំរឿង​ផ្សេង​ទៀត​ដែរ​, «​ខុស ឬ​ត្រូវ គឺ​អាស្រ័យ​ទៅ​លើ​អង្គហេតុ អង្គច្បាប់ និង​ភស្តុ​តាង​» ហើយ​គណៈ​បញ្ជាការ​ដឹកនាំ​យុទ្ធនាការ​ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​យកចិត្តទុកដាក់​ក្នុង​ការ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ខ្ជាប់ខ្ជួន ។
ប្រភព​បាន​បន្ត​ថា អ្នកបើកបរ​ដែល​មាន​កំហុស​ទៅ​នឹង​ច្បាប់​ចរាចរណ៍ និង​បាន​បង្ក​គ្រោះ ថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លា​.​ប់ គឺ​ត្រូវ​តែ​ទទួលខុសត្រូវ​តាម​ច្បាប់​ដោយ​ម៉ឺងម៉ាត់ និង​ដោយ​ត្រឹមត្រូវ​តាម​ច្បាប់ ហើយ​ពាក្យ​ថា «​បុក​គេ​ស្លា​.​ប់ បង់លុយ ហើយ​រួចខ្លួន​» គឺ​លែង​មាន​ទៀត​ហើយ នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​កែទម្រង់​នេះ ។
អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹង​ថា គណៈ​បញ្ជាការ​ដឹកនាំ​យុទ្ធនាការ​បន្ត​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ដែល​យល់​ឃើញ​ថា ចំណាត់ការ​របស់​តុលាការ​លើ​សំណុំរឿង​របស់​ខ្លួន​មាន​ភាព​យឺតយ៉ាវ ឬ​មាន​ភាព​មិន​ប្រក្រតី សូម​ដាក់​ពាក្យបណ្តឹង​មក​យន្តការ​ផ្លូវការ​នៃ​យុទ្ធនាការ​ទាំង​២ របស់​ក្រសួងយុត្តិធម៌​តាម​រយៈ​លេខ​ទូរស័ព្ទ 099 444 181៕ By Koh Santepheap

អត្ថបទដែលជាប់ទាក់ទង