ជប៉ុន ទទួលបានសញ្ញាព្រមានរលកយក្សស៊ូណាមិ អាចនឹងជួបគ្រោះរញ្ជួយដីកម្រិតធ្ងន់
តាមសេចក្តីរាយការណ៍របស់ NHK, នៅថ្ងៃព្រហស្បតិ៍ទី៨ខែសីហាឆ្នាំ២០២៤ គ្រោះរញ្ជួយដីដ៏ខ្លាំងមួយ បានវាយប្រហារតំបន់ឆ្នេរភាគខាងត្បូងប្រទេសជប៉ុន ឈានដល់ការព្រមានអំពីរលកយក្សស៊ូណាមិ។
ទីភ្នាក់ងារឧតុនិយមជប៉ុននិយាយថា គ្រោះរញ្ជួយដីនេះមានកម្រិត ៧.១រ៉ិចទ័រ ជាមួយជម្រៅប្រហែល៣០គីឡូម៉ែត្រ ដោយវាយប្រហារកោះ Kyushu។
តាមការព្យាកររបស់ទីភ្នាក់ងារខាងលើ រលកសមុទ្រអាចឈានដល់កម្ពស់១ម៉ែត្រ នៅតាមបណ្តោយឆ្នេរភាគខាងត្បូងកោះ Kyushu ក៏ដូចជាកោះ Shikoku នៅក្បែរនោះផងដែរ។
ស្របពេលជាមួយគ្នានោះ ប្រតិបត្តិកររោងចក្រនុយក្លេអ៊ែរនៅលើកោះទាំងពីរ ក៏កំពុងពិនិត្យមើលថាតើមានការខូចខាតដល់ម៉ាស៊ីនរ៉េអាក់ទ័រដែរឬទេ។
ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗ មិនទាន់មានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ឬរបួស ហើយជប៉ុន ក៏មិនទាន់វាយតម្លៃអំពីការខូចខាតណាមួយដែរ។
សូមបញ្ជាក់ថា ជប៉ុន មានទីតាំងភូមិសាស្រ្តស្ថិតនៅលើខ្សែក្រវាត់ភ្នំភ្លើង «Ring of Fire» ដែលព័ទ្ធជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក ហើយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលងាយនឹងជួបគ្រោះរញ្ជួយដីបំផុតនៅលើពិភពលោក។
រម្លឹកទៅការរញ្ជួយដីនៅថ្ងៃទី១ខែមករា ក្នុងតំបន់ Noto ភាគពាយព្យប្រទេសជប៉ុន, កាលនោះគ្រោះមហន្តរាយ បានបណ្តាលឲ្យមនុស្សជាង២៤០នាក់ បាត់បង់ជីវិត៕ប្រភព កម្ពុជាថ្មី