CEO របស់ Telegram លោក Pavel Durov ត្រូវបានចាប់ខ្លួន នៅព្រលានយន្តហោះ Bourget នៅប្រទេសបារាំង
បរទេស៖ ម្ចាស់ និងនាយកប្រតិបត្តិកម្មវិធីផ្ញើសាររបស់ល្បីរបស់ពិភពលោក Telegram លោក Pavel Durov ត្រូវបានចាប់ខ្លួន នៅព្រលានយន្តហោះ Bourget ស្ថិតនៅក្រៅទីក្រុងប៉ារីស ប្រទេសបារាំង ខណៈដែលលោកធ្វើដំណើរតាម Private Jet ទៅកាន់ទីនោះ។
លោក Durov ត្រូវបានគេរាយការណ៍ថា បានធ្វើដំណើរពី Azerbaijan ទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ទាំងដែលលោកបានដឹងថា ភ្នាក់ងារប៉ូលិសបារាំង បាននិងកំពុងត្រៀមដើម្បីចាប់ខ្លួនលោក។ សារព័ត៌មានក្នុងស្រុកបារាំងជាច្រើនបានចេញផ្សាយថា លោក Durov ដែលជាម្ចាស់ និងជានាយកប្រតិបត្តិ Telegram បានបទបរាជ័យក្នុងការសម្របសម្រួលវេទិកាមួយ ដែលអនុញ្ញាតឱ្យប្រើប្រាស់ សម្រាប់សកម្មភាព ឧក្រិដ្ឋកម្មផ្សេងៗ រួមទាំងការក្លែងបន្លំ ការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មដែលបានរៀបចំ។
ប្រព័ន្ធផ្សព្វផ្សាយបារាំង TF1 និង BFM បានអះអាងថា ការស៉ើបអង្កេតនោះបានផ្តោតទៅលើ បញ្ហាខ្វះអ្នកត្រួតពិនិត្យនៅលើប្រព័ន្ធ Telegram ហើយប៉ូលិសបារាំងចាត់ទុកថា ស្ថានការណ៍បែបនេះ បានអនុញ្ញាតបណ្តោយឱ្យសកម្មភាពខុសច្បាប់ដូចជា ក្លែងបន្លំ ការជួញដូរ ប្រព្រឹត្តទៅទាំងគ្មានការក្រោតក្រែងនៅលើ Telegram។
បន្ទាប់ពីការចាប់ខ្លួន លោក Durov ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងតុលាការដើម្បីដោះស្រាយការចោទប្រកាន់នេះ។ ជំរុញការចាប់ខ្លួននេះផងដែរ ស្ថានទូតរុស្ស៊ីប្រចាំប្រទេសបារាំងមិនបានឆ្លើយបំភ្លឺថា ខ្លួនមានជាប់ពាក់ព័ន្ធ ឬអត់នោះទេ។
លោក Pavel Durov បានចាកចេញពីប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០១៤ បន្ទាប់ពីបដិសេធមិនធ្វើតាមការទាមទាររបស់រដ្ឋាភិបាល ក្នុងការបិទសហគមន៍ប្រឆាំងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម VK របស់រុស្ស៉ី ។
ព័ត៌មានលម្អិតជុំវិញការចាប់ខ្លួន CEO រូបនេះ នៅមិនទាន់ច្បាស់នៅឡើយទេ ប៉ុន្តែមានសេចក្តីរាយការណ៍ថា គាត់ត្រូវបានឃុំខ្លួនក្រោមដីការចាប់ខ្លួនរបស់អឺរ៉ុប ដែលប្តឹងដោយរុស្ស៊ី ហើយបានចោទប្រកាន់លើករណីផ្សេងៗជាច្រើន រួមទាំងការញុះញង់ឱ្យមានការស្អប់ខ្ពើម និងផ្សព្វផ្សាយសកម្មភាពខុសច្បាប់ តាមរយៈវេទិការ Telegram ។
លោក Durov ដែលទ្រព្យសម្បត្តិត្រូវទស្សនាវដ្តី Forbes ប៉ាន់ប្រមាណថា មានចំនួនខ្ទង់១៥.៥ពាន់លានដុល្លារ ធ្លាប់និយាយថា រដ្ឋាភិបាលប្រទេសមួយចំនួន បានព្យាយាមដាក់សម្ពាធទៅលើរូបលោក ប៉ុន្តែលោកប្រកាន់ជំហរថាប្រព័ន្ធ Telegram ដែលឥឡូវនេះមានអ្នកប្រើប្រាស់ជាប្រចាំរហូតដល់៩០០លាននាក់ គួរតែបន្តបម្រើជា «វេទិកាអព្យាក្រឹតមួយ»៕





