ព្យុះយ៉ាកជី៥ម៉ោង បានវាយប្រហារខេត្តក្វាងនិញ បណ្តាលឲ្យរងការខូចខាតយ៉ាងខ្លាំង
វៀតណាម៖ ខេត្តក្វាងនិញ ដែលជាខេត្តសេដ្ឋកិច្ចពិសេសកំពូលមួយរបស់វៀតណាម បានរងការខូចខាតជាខ្លាំង បន្ទាប់ពីព្យុះយ៉ាកជី វាយប្រហារត្រឹមតែ ៥ម៉ោង ដើមឈើជាច្រើននៅសងខាងផ្លូវបានបាក់ ដើមឈើបុរាណ ជាច្រើនដែលមានអាយុកាលរាប់រយឆ្នាំក៏ត្រូវបានបាក់រលំពាស់ពេញផ្លូវទីក្រុង ខណៈ ផ្ទះរាប់ពាន់ខ្នងត្រូវខ្យល់បក់រលំ ផ្ទាំងប៉ាណូធ្លាក់លើដងផ្លូវ បង្កឱ្យស្ទះចរាចរណ៍នៅទូទាំងខេត្ត។
ប្រជាពលរដ្ឋវៀតណាមដែលរស់នៅតំបន់នោះអស់ប្រមាណ៧០ឆ្នាំ បានប្រាប់សារព័ត៌មានវៀតណាម VNEconomy ថា ពួកគេមិននឹកស្មានថា ទីក្រុងដ៏ស្រស់ស្អាតនៅក្បែរច្រាំងសមុទ្រនេះ អាចជួបប្រទះការបំផ្លិចបំផ្លាញដ៏អាក្រក់បែបនេះនោះទេ ព្យុះនេះ គឺជាព្យុះកំណាចដែលមិនធ្លាប់កើតមានពីមុនមកលើខេត្តដែលពួកគេកំពុងរស់នៅឡើយ។
របាយការណ៍ពីនាយកដ្ឋានគ្រប់គ្រងទំនប់ទឹក និង បង្ការគ្រោះធម្មជាតិវៀតណាម បានឱ្យដឹងថា គិតត្រឹមល្ងាចថ្ងៃសៅរ៍កន្លងទៅ ព្យុះយ៉ាកជី បានសម្លាប់មនុស្ស ១៤ នាក់ និង ៧៨ នាក់រងរបួស ក្នុងនោះ ៥៨ នាក់នៅខេត្ត ក្វាងនិញ និង ២០ នាក់នៅ ហៃផុង ។ គិតត្រឹមព្រឹកថ្ងៃច័ន្ទនេះ អាកាសធាតុនៅខេត្ត ក្វាងនិញ បានធូរស្រាលឡើងវិញ ប៉ុន្តែតំបន់ជាច្រើនផ្សេងទៀតនៅតែមិនមានអគ្គិសនីប្រើប្រាស់៕ by CCTimes Via : VNEconomy












