ឯកឧត្តម នេត្រ ភក្ត្រា និងលោកជំទាវ អញ្ជើញបិទការប្រកួតពានរង្វាន់បាល់ទាត់យុវជនគ្មានគ្រឿងញៀន
ខេត្តក្រចេះ ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោកជំទាវ ទុយ សិរីរតនៈ បានអញ្ជើញជាអធិបតីពិធីបិទព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់យុវជនប្រឆាំងគ្រឿងញៀន ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ រដូវកាលទី១ នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ អមដំណើរដោយឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆ្លូង ខេត្តក្រចេះ ព្រមទាំង ឯកឧត្តមកៅ អ៉ឺម រ៉ន អនុប្រធានក្រុមការងារ និងជាប្រធានទទួលបន្ទុកខ្មែរឥស្លាមទូទាំងខេត្តក្រចេះ។
ព្រឹត្តិការណ៍នៃការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ យុវជនប្រឆាំងគ្រឿងញៀន រដូវកាលទី១ ឆ្នាំ២០២៤ នៅកីឡដ្ឋានរស្មីសន្តិភាពពង្រ១ ដែលស្ថិតនៅក្នុងភូមិពង្រ១ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ដោយមានការចូលរួមប្រកួតពីក្រុមកីឡាសរុបចំនួន ២០ ក្រុម ក្នុងនោះក្រុមបាល់ទាត់យុវជនមានចំនួន ១៦ ក្រុម និងក្រុមវ័យចំណាស់ចំនួន ៤ ក្រុម។
ឆ្លងកាត់ការប្រកួតអស់រយៈពេល ៥ ថ្ងៃ លទ្ធផលចុងក្រោយទទួលបានដូចខាងក្រោម៖ ១-សម្រាប់ក្រុមវ័យចំណាស់ ជ័យលាភីលេខ១ គឺក្រុមវ័យចំណាស់ព្រែកតាហុបទទួលបានពាន ១ និងសម្រាប់លទ្ធផលក្រុមយុវជនក្នុងចំណាត់ថ្នាក់ ៤ ក្រុមចុងក្រោយគឺលេខ ១ បានទៅលើក្រុមសារ៉វហ្វូតសាល និងលេខ២ បានទៅលើក្រុមមហាហង្សឈើទាលភ្លោះ។ ជ័យលាភីលេខ១ ទទួលបានថវិកាចំនួន ៨ លានរៀល មេដាយកីឡាករចំនួន ២២ រូប និងពាន ១។ ជ័យលាភីលេខ២ ទទួលបានថវិកា ៥លានរៀល និងមេដាយកីឡាករចំនួន ២២រូប និងជ័យលាភីលេខ ៣ ទទួលបានថវិកាចំនួន ២,៥លានរៀល និងលេខ៤ ទទួលបានថវិកាចំនួន ១,៥លានរៀល៕ អរគុណសន្តិភាព