កិច្ចប្រជុំសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំតម្រង់ទិសនៃការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីសុខាភិបាលឱ្យចូលបម្រើការងារនៅតាមអង្គភាពសុខាភិបាល

រាជធានីភ្នំពេញ៖ កិច្ចប្រជុំសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំតម្រង់ទិសនៃការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើស ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរតនាគារ តំណាងអគ្គនាយកដ្ឋានពន្ធដារ តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំណាងក្រសួងសុខាភិបាល រួមទាំងថ្នាក់ដឹកនាំនិងក្រុមការងាររបស់ក្រសួងមុខងារសាធារណៈ។
ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នារសៀលថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៤:​០០​នាទី នៅបន្ទប់ប្រជុំនៃទីស្តីការក្រសួងមុខងារសាធារណៈ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការ និងជាតំណាងក្រុមការងារក្រសួងសុខាភិបាល ចូលរួមគណៈកម្មការរៀបចំការប្រឡងប្រជែង បានដឹកនាំក្រុមការងារដោយមាន ឯកឧត្តមឱសថការី ឈី ហុង រដ្ឋលេខាធិការ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ ឯកឧត្តមវេជ្ជបណ្ឌិត យូ ពិសី អនុរដ្ឋលេខាធិការ ឯកឧត្តមសាស្ត្រាចារ្យជំនួយ ហេង សុទ្ធី អនុរដ្ឋលេខាធិការ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយ៉េង អនុរដ្ឋលេខាធិការ លោកឱសថការី ហ៊ុន ហួង អគ្គនាយក​រងបច្ចេកទេសសុខាភិបាល លោក ស៊ឹម សុផុន អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងលោកវេជ្ជបណ្ឌិត ភុំ សំសុង ប្រធាននាយកដ្ឋានគ្រប់គ្រងបុគ្គលិក អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ។
គោលបំណងនៃកិច្ចប្រជុំសំណេះសំណាលនេះ ដើម្បីពិនិត្យ និងសម្រេចលើសេចក្តីជូនដំណឹងស្តីពីការប្រឡងប្រជែង និងការកំណត់កាលបរិច្ឆេទទទួលពាក្យ ជ្រើសរើសមន្ត្រីចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងសុខាភិបាល សម្រាប់ផែនការឆ្នាំ​២០២៤ ព្រមទាំងសិស្សមន្ត្រីជាន់ខ្ពស់និងមន្ត្រីក្រមការនៃសាលាភូមិន្ទរដ្ឋបាល។
ដោយឡែកក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការ បានស្នើអង្គប្រជុំ ធ្វើការរៀបចំប្រឡងប្រជែងជ្រើសរើសមន្ត្រីចូលក្របខណ្ឌរដ្ឋឱ្យទៅបម្រើការងារនៅមន្ទីរពេទ្យបង្អែកប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក ចំនួន៣៦កន្លែង ដែលបានទទួលការឯកភាពពីក្រសួងមុខងារសាធារណៈរួចហើយ និងមន្ទីរពេទ្យបង្អែកពាក់ស្នែង ចំនួន៤៦កន្លែង ដែលមិនទាន់បានឯកភាពជាគោលការណ៍ និងស្នើសុំធ្វើការជ្រើសរើសមន្ត្រីបម្រើការងារនៅតាមមណ្ឌលសុខភាព ចំនួន៩៥៩កន្លែង ក្នុងឆ្នាំ២០២៤នេះ៕ អរគុណសន្តិភាព
អត្ថបទ,រូបភាពក្រសួងសុខាភិបាល
អត្ថបទដែលជាប់ទាក់ទង