កិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារ និងការត្រៀមការរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់របស់គម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលក្រោមឥណទានកម្ចីសម្បទានពីសាធារណរដ្ឋកូរ៉េ
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារអនុវត្តគម្រោង និងការត្រៀមការរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅសាលប្រជុំនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។
ជាលទ្ធផល ការងារសាងសង់បានដល់ដំណាក់កាលនៃការរៀបចំបើកការដ្ឋានសាងសង់ ដែលត្រៀមរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ និងចំពោះការងារផ្សេងៗទៀត ក៏កំពុងរៀបចំជាបន្តបន្ទាប់ដោយក្រុមការងារបច្ចេកទេសរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សហការជាមួយក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការផ្តល់យោបល់ពីទីប្រឹក្សាបច្ចេកទេសរបស់កូរ៉េ ដែលការងារទាំងអស់នេះដំណើរការទៅដោយរលូន និងតាមកាលបរិច្ឆេទកំណត់។
លោកជំទាវនាយកគម្រោង បានសម្តែងនូវការកោតសរសើរដល់ក្រុមការងារទាំងអស់ ទាំងភាគីកម្ពុជា ទាំងភាគីកូរ៉េ ដែលបានសហការគ្នាយ៉ាងល្អ ក្នុងការជំរុញឱ្យគម្រោងទី១នេះ លេចចេញជារូបរាងឡើង ព្រមទាំងបានផ្តល់អនុសាសន៍បន្ថែម ដើម្បីពន្លឿនការរៀបចំការដ្ឋាន និងរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ឱ្យបានឆាប់រហ័ស។ លើសពីនេះ លោកជំទាវនាយកគម្រោងក៏បានថ្លែងអំណរគុណដល់ភាគីមិត្តកូរ៉េដែលបានផ្តល់ឥណទានកម្ចីសម្បទានដល់កម្ពុជា ក្នុងការកសាងមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលនឹងចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាល ក៏ដូចជាពង្រឹងវិស័យសុខាភិបាលកម្ពុជា ដែលនឹងនាំទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសាកលសម្រាប់កម្ពុជា នាឆ្នាំ២០៣៥ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំដ៏ស្វាហាប់ រស់រវើកប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះបានធ្វើឡើងនារសៀលថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ និងមានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការ និងជានាយករងគម្រោង ឯកឧត្តមសាស្ត្រចារ្យ ម៉ម ប៊ុនសុជាតិ អនុរដ្ឋលេខាធិការ លោកសាស្ត្រាចារ្យ ជំនួយ ម៉ម សុវត្ថា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមការងារបច្ចេកទេសអនុវត្តគម្រោង តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសកូរ៉េ តំណាងក្រុមហ៊ុនសាងសង់កូរ៉េ តំណាងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) ប្រចាំកម្ពុជា៕ អរគុណសន្តិភាព