វិធីសាស្ត្រដើម្បីព្យាបាលជំងឺឬសដូងបាត
វិធីសាស្ត្រដើម្បីព្យាបាលជំងឺឬសដូងបាត!
ជំងឺឬសដូងបាតគឺជាជំងឺដែលកើតឡើងដោយសារការរីកប៉ោងនៃសរសៃឈាម ដែលមាននៅជុំវិញក្រសាលគូថ។ គេសង្កេតឃើញថា ជំងឺឬសដូងបាតជាមូលហេតុចម្បងទី១ ដែលនាំឲ្យអ្នកជំងឺមកពិគ្រោះជាមួយគ្រូពេទ្យ ចំពោះបញ្ហាផ្នែកក្រសាលគូថ។ ជំងឺឬសដូងបាតនេះមិនអាចវិវត្តទៅជាជំងឺមហារីកបាននោះទេ។
ជំងឺឬសដូងបាតមាន ២ប្រភេទគឺ៖
– ឬសដូងបាតក្រៅ: ជាជំងឺដែលកើតឡើងលើសរសៃឈាមឬសដូងបាតនៅខាងក្រៅរន្ធគូថ
– ឬសដូងបាតក្នុង: ជាជំងឺដែលកើតឡើងលើសរសៃឈាមឬសដូងបាតខាងក្នុងរន្ធគូថ
តើមានវិធីអ្វីខ្លះដើម្បីព្យាបាលជំងឺឬសដូងបាត?
ក) ចំពោះបញ្ហាឬសដូងបាតខាងក្រៅ៖
អ្នកជំងឺអាចត្រូវបានព្យាបាលដោយប្រើថ្នាំគ្រាប់បំបាត់ហើម និងបំបាត់ការឈឺចាប់រួមទាំងថ្នាំបន្ទន់លាមក ក្នុងពេលជាមួយគ្នានោះអ្នកជំងឺអាចប្រើក្រែម (Crème) សំរាប់លាបលើដុំនោះ។ ពេលខ្លះគ្រូពេទ្យអាចធ្វើការកាត់យកកំណកឈាមនៃឬសដូងក្រៅនោះចេញ បើសិនជាដុំឬសដូងបាតក្រៅមិនឲ្យហើមខ្លាំង ហើយមានតែមួយដែលធ្វើឲ្យអ្នកជំងឺបានធូរស្បើយពីការឈឺចាប់ភ្លាមៗ។
ខ) ចំពោះបញ្ហាឬសដូងបាតក្នុង៖
ការព្យាបាលចម្បងគឺការព្យាបាលទៅលើបញ្ហាបន្ទោរបង់លាមកមានដូចជាការទល់លាមកឬការរាគ។
មានឧបករណ៍ ៣យ៉ាង ដែលអាចព្យាបាលជំងឺឬសដូងបាតមានដូចជាៈ
– ការដុតកំដៅ(Infrarouge photocoagulation)
– ការចាក់ (Sclérothérapie)
– ការចង (Ligature)
ការព្យាបាលដោយឧបករណ៍ អាចអាស្រ័យទៅលើដំណាក់កាលរបស់រោគសញ្ញាឬសដូងបាតៈ
• ដំណាក់កាលទី ១ : អាចព្យាបាលដោយការដុតកំដៅឬការចាក់
• ដំណាក់កាលទី ២ និងទី៣ : អាចព្យាបាលដោយការចង
• ចំពោះការវះកាត់ឬសដូងបាត គឺធ្វើឡើងចំពោះឬសដូងបាតនៅកម្រិតទី ៤ ឬ ឬសដូងបាតដែលបរាជ័យក្នុងការព្យាបាលដោយឧបករណ៍ទាំង៣ ខាងលើ ។
* បញ្ជាក់៖ ជំងឺឬសដូងបាត មិនមែនជាជំងឺកាចសាហាវទេ វាគ្រាន់តែរំខានដល់អ្នកជំងឺ ប៉ុន្តែអ្នកជំងឺត្រូវជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសឲ្យបានត្រឹមត្រូវដើម្បីបញ្ជាក់ថាពិតជាជំងឺឬសដូងបាតមែន ហើយការព្យាបាលទៀតសោតត្រូវព្យាបាលឲ្យបានត្រឹមត្រូវ ព្រោះវាអាចបង្កឲ្យមានផលវិបាកក្រោយព្យាបាល ដូចជាការព្យាបាលដោយការចាក់ បើសិនជាព្យាបាលមិនត្រឹមត្រូវទេអ្នកជំងឺអាចមានដំបៅនៅរន្ធគូថឬអាចត្បៀតក្រសាលគូថដែលជាបញ្ហាធ្ងន់ធ្ងរ៕ ប្រភព មន្ទីរពេទ្យកាល់ម៉ែត
“ព្យាបាលទាន់ពេលវេលា ដោយគ្រូពេទ្យជំនាញ នាំមកនូវការសះស្បើយឆាប់រហស័ !”
អរគុណសន្តិភាព