ឯកឧត្តម ហែម វណ្ណឌី លើកទឹកចិត្តក្រុមហ៊ុនផលិតទុយោ LESSO ឱ្យអភិវឌ្ឍរោងចក្ររបស់ខ្លួននៅកម្ពុជា ជាមូលដ្ឋានផលិតកម្មគោលសម្រាប់អាស៊ាន
ខេត្តកណ្តាល ៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញចុះទស្សនកិច្ចរោងចក្រផលិតទុយោរបស់ក្រុមហ៊ុន Lesso នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល និងបានលើកទឹកចិត្តក្រុមហ៊ុន ឱ្យអភិវឌ្ឍប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ជាមូលដ្ឋានផលិតកម្មយុទ្ធសាស្រ្តសម្រាប់នាំចេញទៅទីផ្សារនៃបណ្តាប្រទេសអាស៊ាន ដែលក្រុមហ៊ុនពុំទាន់មានរោងចក្រផលិត។
នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើរចំពោះវឌ្ឍនភាពយ៉ាងឆាប់រហ័ស បន្ទាប់ពីក្រុមហ៊ុនចាប់ផ្តើមប្រតិបត្តិការក្នុងប្រទេសកម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ២០២២។ រោងចក្រនេះត្រូវបានសាងសង់លើផ្ទៃដីទំហំ ៨ ហិកតា បច្ចុប្បន្នមានបុគ្គលិកចំនួន ១៦៨នាក់ ភាគច្រើនជាបុគ្គលិកខ្មែរ និងកំពុងដំណើរការបរិក្ខាផលិតកម្មទំនើបចំនួន៥០គ្រឿង ដើម្បីផលិតទុយោ និងគ្រឿងបង្គុំផ្សេងៗ ក្នុងសមត្ថភាពផលិតជាង ៤៨.០០០តោនក្នុងមួយឆ្នាំ៕ អត្ថបទនិងរូបភាព MISTI
អរគុណសន្តិភាព
អរគុណសន្តិភាព






