ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានណែនាំដល់មន្រ្តីនាយកដ្ឋានសវនកម្ម «ត្រូវបង្កើនសកម្មភាពការងារ និងប្រសិទ្ធភាពសវនកម្មនៅតាមនាយកដ្ឋាន និងអង្គភាពថ្នាក់កណ្តាល បន្ថែមទៀត»
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រជុំពិនិត្យវឌ្ឍនភាពការងារ និងសំណេះសំណាលជាមួយមន្រ្តីនៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការចូលរួមពី ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការ ឯកឧត្តម សុខ សំអាង រដ្ឋលេខាធិការទទួលបន្ទុក ព្រមទាំង លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីនៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី មានមតិសំណេះសំណាល និងជម្រាប ជូនពីគោលបំណងក្នុងការជួបជាមួយមន្ត្រីនៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដើម្បីស្វែងយល់ពីបច្ចុប្បន្នភាព ពីវឌ្ឍនភាពការងារ រួមទាំងបញ្ហាប្រឈម និងសំណូមពរនានា របស់នាយកដ្ឋាន ក្នុងការពង្រឹងការអនុវត្តការងារឱ្យបានកាន់តែប្រសើរឡើង។ ជំនួបនេះ ក៏ដើម្បីជាការបង្កើននូវភាពជិតស្និត និងបង្ហាញពីការយកចិត្តទុកខ្ពស់របស់ថ្នាក់ដឹកនាំ ដល់មន្ត្រីដែលបានខិតខំប្រឹងប្រែងអនុវត្តការងារកន្លងមក។
ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ ចំនួន ៤ ចំណុច៖
១) ពង្រីកវិសាលភាពសវនកម្មនៅតាមនាយកដ្ឋាន និងអង្គភាពថ្នាក់កណ្តាល
២) បង្កើនសកម្មភាពការងារ និងបង្កើនប្រសិទ្ធភាព ដែលអាចវាស់វែងបាន
៣) ប្រធាន និងអនុប្រធាននាយកដ្ឋានត្រូវជួយជ្រោមជ្រែង ការិយាល័យឱ្យបានរឹងមាំក្នុងការបំពេញការងារ។
៤) រៀបចំធ្វើរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែរបស់នាយកដ្ឋានឱ្យបានទៀងទាត់ និងឱ្យការកាន់តែប្រសើរ។
ក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យខិតខំបំពេញការងារបន្ថែមទៀត និងក៏បានជូនពរដល់មន្ត្រីនាយកដ្ឋានក្នុងឱកាសឆ្នាំថ្មីផងដែរ៕ អត្ថបទ រូបភាពក្រសួងសុខាភិបាល
អរគុណសន្តិភាព

អរគុណសន្តិភាព








