ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការអភិវឌ្ឍផែនការសកម្មភាពពហុវិស័យ សម្រាប់ការបង្ការការធ្វើអត្តឃាត”
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការអភិវឌ្ឍផែនការសកម្មភាពពហុវិស័យសម្រាប់ ការបង្ការការធ្វើអត្តឃាត” ដែលបានរៀបចំនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា។
សិក្ខាសាលានេះរៀបចំឡើងដោយ នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល មានរយៈពេល ២ថ្ងៃ នៅថ្ងៃទី២១ និងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្នុងគោលបំណងសំខាន់ៗ៖ ១) ស្វែងយល់ពីការធ្វើអត្តឃាតជាសកល ក្នុងតំបន់ និងនៅប្រទេសកម្ពុជា ២) ចែករំលែកបទពិសោធន៍នៃការបង្ការការធ្វើអត្តឃាត ៣) ធ្វើការវិភាគស្ថានការណ៍ ៤) រៀបចំសេចក្តីព្រាង ផែនការសកម្មភាពពហុវិស័យ សម្រាប់ការបង្ការការធ្វើអត្តឃាតនៅប្រទេសកម្ពុជា។
ការធ្វើអត្តឃាតបានក្លាយទៅជាបញ្ហាសុខភាពសាធារណៈថ្មីមួយ សម្រាប់ពិភពលោក ដែលការធ្វើអត្តឃាតជាមូលហេតុនាំមុខមួយ នៃមូលហេតុនាំមុខនៃការស្លាប់។ ការបង្ការការធ្វើអត្តឃាត ក៏ជាផ្នែកមួយនៃយុទ្ធសាស្រ្តឆ្ពោះទៅកាន់ចក្ខុវិស័យរបស់ក្រសួងសុខាភិបាល ដែលសម្រេចបាន «ប្រជាជនកម្ពុជាគ្រប់រូប រស់នៅប្រកបដោយសុខភាព និងសុខុមាលភាពកាន់តែល្អប្រសើរ រួមចំណែកអភិវឌ្ឍធនធានមនុស្ស និងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព» ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ ជូនសមាជិកសិក្ខាសាលា ដើម្បីជាទុនសម្រាប់ការពិចារណា ក្នុងការកសាងផែនការ សម្រាប់ការបង្ការការធ្វើអត្តឃាត។ ឯកឧត្តមសាស្រ្តាចារ្យ ក៏អំពាវនាវ ដល់អង្គការសុខភាពពិភពលោក អង្គការ USAID ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ និងអន្តរជាតិ បន្តជួយដល់វិស័យសុខាភិបាល និងក្រសួង/ស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តផែនការសម្មភាពពហុវិស័យសម្រាប់បង្ការការធ្វើអត្តឃាត ជាបន្តទៀត ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
សិក្ខាសាលានេះ ក៏មានការនិមត្ត/អញ្ជើញចូលរួមពី ព្រះតេជគុណមហាធម្មាលង្កាមុនី ចាន់ សុជន និងព្រះភិក្ខុ ភិត សុភឿន លោកស្រីតំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា និងលោកតំណាង USAIDប្រចាំកម្ពុជា និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ គ្រប់មន្ទីរពេទ្យជាតិ អង្គភាពថ្នាក់កណ្តាលក្រសួងសុខាភិបាល មន្ទីរសុខាភិបាលរាជធានី ខេត្ត ដែគូអភិវឌ្ឍ អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល ក្លឹបអ្នកកាសែត សរុបជាង ២៥០រូប៕ អត្ថបទ រូបភាព ក្រសួងសុខាភិបាល
អរគុណសន្តិភាព
អរគុណសន្តិភាព



















