ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំសិក្ខាសាលាស្ដីពី “ការពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និងច្បាប់ស្តីពីរបបសន្តិសុខសង្គម”

ភ្នំពេញ៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពី “ការពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និងច្បាប់ស្តីពីរបបសន្តិសុខសង្គម” នៅទីស្តីការក្រសួង។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយមានការចូលរួមពីប្រធានរដ្ឋបាលរោងចក្រផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបនៅទូទាំងប្រទេសតាមរយៈការចូលរួមផ្ទាល់និងតាមប្រព័ន្ធ Zoom។
សិក្ខាសាលានាថ្ងៃនេះមានគោលបំណងសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពរបស់ប្រធានរដ្ឋបាលរោងចក្រអំពីច្បាប់ស្តីពីការងារ ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និងច្បាប់ស្តីពីរបបសន្តិសុខសង្គម ក្នុងការចូលរួមពង្រឹងអនុលោមភាពការងារ ដោយផ្ដោតសំខាន់ទៅលើប្រធានបទចំនួន ២ គឺ (១) ការគណនា និងការទូទាត់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ និង (២) ការអនុវត្តរបបសន្ដិសុខសង្គមសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្ដីពីការងារ។
ថ្លែងនៅក្នុងសិក្ខាសាលាដ៏មានសារសំខាន់នេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការបានគូសបញ្ជាក់ថា សិក្ខាសាលានៅពេលនេះ នឹងផ្តល់ចំណេះដឹងបន្ថែមដល់សិក្ខាកាមទាំងអស់ ឲ្យទទួលបានការយល់ដឹងបន្ថែមពាក់ព័ន្ធការការអនុវត្តប្រាក់ឈ្នួលអប្បបរមាថ្មីឆ្នាំ២០២៥ ការគណនា និងការទូទាត់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ ចំណេះដឹងទាំងនេះ គឺមិនអាចខ្វះបានឡើយសម្រាប់ប្រធានរដ្ឋបាលរោងចក្រក្នុងនាមជាអ្នកទទួលបន្ទុកផ្នែករដ្ឋបាល និងធនធានមនុស្ស ក្នុងការកសាងនូវទំនាក់ទំនងការងារល្អនៅក្នុងរោងចក្រដោយអាចជៀសវាងនូវការតវ៉ាជាយថាហេតុដែលកើតឡើងអំពីការគណនាមិនបានត្រឹមត្រូវនូវប្រាក់ឈ្នួល ប្រាក់បំណាច់ និងអត្ថប្រយោជន៍របស់កម្មករនិយោជិត។
ការពង្រឹងការអនុវត្តច្បាប់គោលទាំងបីខាងល់នឹងផ្តល់អត្ថប្រយោជន៍លើសលប់ដល់ម្ចាស់រោងចក្រនិងកម្មករនិយោជិតក្នុងការលើកកម្ពស់ផលិតភាពការងារនិងការទទួលបានការបញ្ជាទិញកាន់តែច្រើនឡើង។
ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការបានជំរុញនិងលើកទឹកចិត្តប្រធានរដ្ឋបាលរោងចក្រទាំងអស់ឲ្យបន្តធានានូវអនុលោមភាពការងារនៅក្នុងរោងចក្រ ដើម្បីចូលរួមប្រែក្លាយសហគ្រាសមួយទៅជាសហគមន៍សុខសាន្តមួយ៕ អត្ថបទ និងរូបភាពក្រសួងការងារ
អត្ថបទដែលជាប់ទាក់ទង