យុទ្ធនាការបាញ់សម្លាប់មូសខ្លា ក្នុងមូលដ្ឋានខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ក្រោមកិច្ចសហការរវាងអាជ្ញាធរខណ្ឌ កងកម្លាំងកងពលតូចលេខ៧០(ង៧០) និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ
ភ្នំពេញ ៖ យុទ្ធនាការបាញ់សម្លាប់មូសខ្លា ក្នុងមូលដ្ឋានខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ក្រោមកិច្ចសហការរវាងអាជ្ញាធរខណ្ឌ កងកម្លាំងកងពលតូចលេខ៧០(ង៧០) និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បង្កានិងទប់ស្កាត់ជំងឺគ្រុនឈាមបានបញ្ចប់តំណាក់កាលទី១ ចំនួន ៧ខណ្ឌហើយ ក្រុមការងារបាននិងកំពុងបន្តបាញ់សម្លាប់មូសខ្លានៅតាមខណ្ឌចំនួន ៧ទៀត។
បើតាមលោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញឱ្យដឹងនៅថ្ងៃទី២៤ ខែមករានេះថា៖ អនុវត្តតាមការចង្អុលបង្ហាញនិងការគិតគូរពីបញ្ហាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានពីឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនិងសុខមាលភាពប្រជាពលរដ្ឋ គិតមកដល់ថ្ងៃទី២៤ មករានេះ យុទ្ធនាការបាញ់សម្លាប់មូសខ្លា ក្នុងមូលដ្ឋានខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ ក្រោមកិច្ចសហការរវាងអាជ្ញាធរខណ្ឌ ជាមួយមន្ទីរសុខាភិបាលរាជធានីនិងកងកម្លាំងកងពលតូចលេខ៧០(ង៧០) បានបញ្ចប់តំណាក់កាលទី១ ចំនួន៧ខណ្ឌហើយមាន ខណ្ឌមានជ័យ ខណ្ឌសែនសុខ ខណ្ឌពោធិសែនជ័យ ខណ្ឌឬស្សីកែវ ខណ្ឌទួលគោក ខណ្ឌបឹងកេងកង និងខណ្ឌដូនពេញ នៅពេលនេះក្រុមការងារបាននិងកំពុងបន្តបាញ់សម្លាប់មូសខ្លានៅតាមខណ្ឌចំនួន៧ទៀត។
គូរបញ្ជាក់ថា៖ យុទ្ធនាការបាញ់សម្លាប់មូសខ្លា នៅមូលដ្ឋានខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញបានចាប់ផ្តើមឡើងកាលពីល្ងាចថ្ងៃទី១៤ ខែមករាឆ្នាំ២០២៥ កន្លងមកនេះ ដែលនេះជាកាដូដ៏មានតំលៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យដឹងនាពេលបើកយុទ្ធនាការកន្លងនេះថា៖ នាដើមឆ្នាំ២០២៥នេះ នៅរាជធានីភ្នំពេញ ពិសេសនៅតាមប្រឡាយ លូ បានកើតមូសយ៉ាងច្រើន បង្កអោយមានហានិភ័យចំពោះសុខមាលភាពប្រជាពលរដ្ឋ។ ដោយមើលឃើញពីបញ្ហាប្រឈមនេះ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយកងកម្លាំងកងពលតូចលេខ៧០(ង៧០) បើកយុទ្ធនាការបាញ់សម្លាប់មូសខ្លានៅពេលនេះតែម្ដង។
ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌទាំង៧ ដែលក្រុមការងារបាញ់សម្លាប់មូសខ្លារួច បានសម្តែងនូវទឹកចិត្តរីករាយយ៉ាងក្រៃលែង ចំពោះអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ ក្រុមគ្រូពេទ្យនៃអង្គភាព៧១១ កងពលតូចលេខ៧០ និងមន្ទីរសុខាភិបាលរាជធានី ដែលបានធ្វេីយុទ្ធនាការបាញ់ថ្នាំមូសក្នុងភូមិឋានរបស់ពួកគាត់ ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម ដែលនេះបង្ហាញឱ្យឃើញពីកាគិតគូរពីសុខមាលភាពសាធារណៈរបស់បងប្អូនប្រជាពលរដ្ឋ៕ អរគុណសន្តិភាព