ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិពង្រឹងវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា យោងតាមស្តង់ដារជាតិ PM 2.5=25 µg/m3 សម្រាប់មធ្យមភាគប្រចាំឆ្នាំ និង 50 µg/m3 សម្រាប់មធ្យមភាគ២៤ម៉ោង។ ខ្យល់ក្នុងព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានបង្ហាញឱ្យឃើញតាមរយៈឧបករណ៍ និងស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ ចំនួន៦០ នៅទូទាំងប្រទេសថា ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ២៥.៩២ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ “ល្អណាស់”។
ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់បន្ថែមថា កន្លងមកប្រជាពលរដ្ឋមានការព្រួយបារម្ភចំពោះគុណភាពខ្យល់នៅកម្ពុជា ដោយសារមានការរកឃើញកំហាប់ភាគល្អិតនិចល មានការកើនឡើងលើសពី ៥០ug/m3 ដោយសារពេលនៅរដូវប្រាំង ការបំពុលខ្យល់អាចកើតមានឡើង នៅតាមតំបន់មួយចំនួន ដែលមានស្មៅ ព្រៃស្ងួត ឬ តំបន់កសិកម្ម ដែលងាយរងការឆេះ។ ទោះបីជាយ៉ាងណាក៏ដោយរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តសកម្មភាពយ៉ាងសកម្ម ដើម្បីទប់ស្កាត់ការបំពុលខ្យល់ និងធ្វើឱ្យគុណភាពខ្យល់ប្រសើឡើង ជាពិសេសបន្ទាប់ពីការដាក់ចេញផែនការខ្យល់ស្អាត ដូចជា៖
– បានពង្រឹងការតាមដានគុណភាពខ្យល់។ បច្ចុប្បន្នក្រសួងបរិស្ថានបានបំពាក់ឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់បានចំនួន៦០ ដែលក្នុងនោះមានស្ថានីយធំៗ ចំនួន១០ស្ថានីយ និងរថយន្តត្រួតពិនិត្យគុណភាពខ្យល់ចល័តចំនួន ៣គ្រឿង ប្រព័ន្ធត្រួតពិនិត្យតាមដានគុណភាពខ្យល់ពីផ្កាយរណបចំនួន ១គ្រឿង។
– ដើម្បីដោះស្រាយនៅបញ្ហាខ្យល់កខ្វក់នេះក្រសួងខិតខំធ្វើការតាមដានគុណភាពខ្យល់ និងជូនដំណឹងដល់សាធារណជនជាទៀតទាត់ ដើម្បីមានវិធានការការពារសុខភាព ក្នុងករណីចាំបាច់។ លើសពីនេះ ក្រសួងក៏បានធ្វើការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានអប់រំប្រជាពលរដ្ឋ និងអនុវត្តវិធានការទប់ស្កាត់ និងបឈ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ។ លើសពីនេះ ក្រសួងបរិស្ថានក៏កំពុងបានធ្វើយុទ្ធនាការ ថ្ងៃនេះខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិក កម្ពុជាស្អាត ខ្មែរធ្វើបាន និងយុទ្ធនាការផ្លូវជាតិគ្មានថង់ប្លាស្ទិក ដែលសុទ្ធសឹងតែជាការចូលរួមលើកកម្ពស់គុណភាពខ្យល់ តាមរយៈការសម្អាតប្លាស្ទិក និងការជៀសវាងការដុតប្លាស្ទិកនៅតាមទីសាធារណៈ។ បន្ថែមពីនេះទៀត ក្រសួងក៏បានពង្រឹង និងជំរុញការផ្សព្វផ្សាយនូវសារាចរលេខ០១ របស់រាជរដ្ឋាភិបាលស្តីពី វិធានការទប់ស្កាត់ការបំពល់ខ្យល់សារធារណៈ និងបានផ្សព្វផ្សាយអំពីការទប់ស្កាត់ការដុតសំណល់កម្ទេចក្រណាត់ និងប្រការស្តីពីវិធានការទប់ស្កាត់ភ្លើងឆេះព្រៃ។
ជាមួយគ្នានេះក្រសួងបរិស្ថាននឹងធ្វើការតាមដានអំពីការប្រែប្រួលស្ថានភាពគុណភាពខ្យល់ និងជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់ ដល់សាធារណជន ជាប្រចាំ និងសូមធ្វើការតាមដានវេបសាយ www.airquality.moe.gov.kh និងកម្មវិធី(APP) ឈ្មោះ CGS SPA ឬទាញយកកម្មវិធីនេះតាមទូរស័ព្ទដៃ សម្រាប់ Android និង IOS បានដោយសេរី៕ អត្ថបទ រូបភាព៖ ក្រសួងបរិស្ថាន
អរគុណសន្តិភាព