ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិតីភាពក្នុងពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូដើមថ្មី
ខេត្តព្រះវិហារ៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិតីភាពក្នុងពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូដើមថ្មី ព្រមទាំងសមិទ្ធផលផ្សេងៗមួយចំនួនទៀតដូចជា អគារបុគ្គលិក សាលាបឋមសិក្សា និងអនុវិទ្យាល័យ ទ្រី ភាព បឹងទន្លេម្រេច និងផ្សារទ្រីភាព ជាដើម។
ក្នុងឱកាសនេះ ក៏មានការអញ្ជើញចូលរួមពីសមាសភាពថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ថ្នាក់ដឹកនាំក្រុមហ៊ុន បុគ្គលិក-កម្មករក្រុមហ៊ុន និងប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ប្រមាណជាង ៣.៤០០ នាក់ ផងដែរ។
តាមរយៈសមិទ្ធផលទាំងអស់នេះ ក្រុមហ៊ុន ទ្រី ភាព អ៊ីមផត អិចផត បានចូលរួមចំណែកមួយផ្នែកក្នុងការផ្ដល់ការងារផ្ទាល់ដល់ប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ ក៏ដូចជាឱកាសបង្កើតអាជីវកម្មលក្ខណៈគ្រួសារទាំងនៅក្នុងបរិវេណ និងក្រៅក្រុមហ៊ុនផងដែរ។ លើសពីការផ្ដល់ឱកាសការងារ និងអាជីវកម្មលក្ខណៈគ្រួសារ ក្រុមហ៊ុន ទ្រី ភាព អ៊ីមផត អិចផត ក៏បានផ្ដល់នូវចំណងដៃមួយផ្សេងទៀតនោះគឺ សាលាបឋមសិក្សា និងអនុវិទ្យាល័យ ទ្រី ភាព បឹងទន្លេម្រេច ០១ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ១២ បន្ទប់ ដែលអាចផ្ដល់ឱកាស និងសម្រួលដល់កូនចៅបុគ្គលិក-កម្មករ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យទទួលបានការអប់រំកាន់តែល្អប្រសើរ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ បណ្ឌិត ពេជ ច័ន្ទមុន្នី មកប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ លោកគ្រួ-អ្នកគ្រូ សិស្សានុសិស្ស មណ្ឌលសុខភាព កងកម្លាំងប្រដាប់អាវុធ និងអង្គភាពមួយចំនួនផងដែរ៕ by AKP
អរគុណសន្តិភាព