លោក ហ៊ុយ ឧត្ដម និងលោក គង់ កាន ម្ចាស់គេហទំព័រ Kong Kan TV និង Oudom TV នៃអង្គភាពសារព័ត៌មាន សាន្ដព្រហ្ម លំឱនកាយសុំការអភ័យទោសដ៏ស្មោះស្ម័គ្រពី ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត ឱម យ៉ិនទៀង

លិខិតសុំការអភ័យទោស

“ខ្ញុំបាទ ហ៊ុយ ឧត្ដម អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ននៅភូមិ ត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ និង ខ្ញុំបាទ គង់ កាន អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន នៅក្នុងបុរីពីភពថ្មីឈូកវ៉ា៣ ផ្ទះលេខ: ៤៩ ផ្លូវលេខ: ០៥ សង្កាត់កាកាប ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ

សូមគោរពជូន

ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត ឱម
យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!

កម្មវត្ថុ៖ សូម ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) មេត្តាអភ័យទោសដល់រូបខ្ញុំបាទទាំងពីរនាក់ ដែលបានផ្សព្វផ្សាយព័ត៌មានធ្វើឱ្យមហាជនមានការយល់ច្រឡំមកលើអង្គភាពប្រឆាំងអំពើពុករលួយ(ACU)។

យោង៖ វីឌីអូបទសម្ភាសរវាងខ្ញុំបាទទាំងពីរនាក់ ជាមួយលោកស្រី ពេជ ឆេងអ៊ីម និង កូនស្រីទាំង២នាក់ ដែលបានផ្សព្វផ្សាយនៅលើគេហទំព័រហ្វេសបុកផេក របស់ខ្ញុំបាទទាំងពីរនាក់ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥។

តបតាមកម្មវត្ថុ និង យោងខាងលើ ខ្ញុំបាទ គង់ កាន និង ហ៊ុយ ឧត្ដម ម្ចាស់គេហទំព័រ Kong Kan TV និង Oudom TV នៃអង្គភាពសារព័ត៌មាន សាន្ដព្រហ្ម ទាំងពីរនាក់ ដែលប្រៀបបានដូចជាកូន សូមឱនកាយសុំការអភ័យទោសដ៏ស្មោះស្ម័គ្រពី ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត ឱម យ៉ិនទៀង
ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ។

កូនៗសូមអនុញ្ញាតគោរពជម្រាបជូន ឯកឧត្តម ទេសរដ្ឋមន្រ្តី មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ ស្តីពីការផ្សាយព័ត៌មានមួយ នៅក្នុងភូមិ ពោតាអ៊ុន ឃុំស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ពាក់ព័ន្ធរឿងរ៉ាវនៃការចាប់ខ្លួន លោក ហេ គឿន ដោយទទួលបាននូវសំណូមពរភ្លាមៗ ពីសំណាក់ក្រុមគ្រួសារគាត់ ក្នុងពេលដែលកូនៗទាំងពីរនាក់ បានធ្វើដំណើរឆ្លងកាត់ ខេត្តដែលពួកគាត់រស់នៅ។ កូនៗសូមអនុញ្ញាតគោរពជម្រាបជូនឯកឧត្តមទេសរដ្ឋមន្រ្តី មេត្តាជ្រាបថា : នៅក្នុងបទសម្ភាស ជាមួយកូនៗ ជាអ្នកសារព័ត៌មាន ពួកគាត់ជាអ្នកអះអាង ដោយខ្លួនគាត់ទាំងអស់ ដែលកូនៗ ជាអ្នកសារព័ត៌មាន គ្រាន់តែធ្វើបទសម្ភាសនូវសំណួរចម្លើយ ដោយពុំបានបន្ថែមខ្លឹមសារ និង មិនមានចេតនា ញុះញង់ ប្រមាថ ឬប្រឆាំងរារាំង ការអនុវត្តនិតិវិធី របស់អង្គភាពប្រឆាំងអំពើពុករលួយឡើយ ប៉ុន្តែដោយការធ្វេសប្រហែស នាំឲ្យកើតមានកំហុសឆ្គងដោយអចេតនា ជាពិសេសធ្វើអោយមានការយល់ច្រឡំទៅលើការអនុវត្តច្បាប់ របស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលឈរលើគោលការណ៍ អព្យាក្រិត យុត្តិធម៌ ស្របតាមគោលនយោបាយយុទ្ធសាស្រ្ត បញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនោះកូនៗទាំងពីរនាក់ ពិតជាមានការសោកស្តាយ ជាទីបំផុត ក្រោយពេលដែល បានទទួល សេចក្ដីជូនដំណឹង របស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលបានចុះផ្សាយ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ទើបបានយល់សេចក្ដីថាកូនៗ ពិតជាបានរួមចំណែកធ្វើអោយមានការយល់ច្រឡំ ទៅលើចំណាត់ការ និង បេសកកម្មរបស់អង្គភាពប្រឆាំងអំពើពុករលួយ កូនៗសូមទទួលស្គាល់ថា បានរួមចំណែកខុសដោយអចេតនា ហេតុដូចនេះ កូនៗសូមលើកម្រាមដៃដប់គោរពស្នើសុំ ការសណ្តោស ប្រោសប្រណី និង អធ្យាស្រ័យ ពីសំណាក់ ឯកឧត្ដមទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និង សហការីគ្រប់ជាន់ថ្នាក់ គ្រប់តួនាទី នៃអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាផ្តល់ក្តីអនុគ្រោះដ៏ខ្ពង់ខ្ពស់បំផុតផងចុះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត នៅចំពោះមុខ កូនៗសូមសន្យាថា នឹងធ្វើការកែតម្រូវ ព័ត៌មាននេះឲ្យបានឆាប់ជាទីបំផុត ដើម្បីបញ្ជៀសកុំអោយមានការយល់ច្រឡំ ចំពោះចំណាត់ការ និងបេសកកម្មរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលតែងតែអនុវត្តសកម្មភាពយ៉ាងសកម្មបំផុត ដើម្បីបម្រើដល់ផលប្រយោជន៍សង្គមជាតិ ក្នុងការបោសសម្អាតអំពើពុករលួយជាហូរហែនាពេលកន្លងមក។ កូនៗមានសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តមទេសរដ្ឋមន្រ្តី នឹងផ្តល់ឱកាសនិងសេចក្តីអនុគ្រោះចំពោះកំហុសឆ្គង ដែលបានកើតឡើងដោយអចេតនាទាំងនេះ ហើយកូនៗសូមសន្យាថា នឹងមិនអោយកើតមានកំហុសឆ្គងបែបនេះ
ជាលើកទីពីរទៀតឡើយ។

ជាទីបញ្ចប់កូនៗ សូមបួងសួង ដល់គុណព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធ ទាំងឡាយក្នុងលោក និង ទេវតា រក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធពរជ័យបវរមហាប្រសើរជូនចំពោះ ឯកឧត្តមទេសរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ក្រុមគ្រួសារទាំងមូល សូមប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមឯកឧត្តមទេសរដ្ឋមន្រ្តី មេត្តាទទួលយក នូវការគោរពដ៏ខ្ពង់ខ្ពស់បំផុត ពីកូនៗទាំងពីរនាក់

គោរពជូន ពីកូនៗ គង់ កាន និង ហ៊ុយ ឧត្ដម!
ពេលនោះ ពលរដ្ឋមួយគ្រួសារនោះ បានសំណូមពរ មកកាន់ សារព័ត៌មាន យើងខ្ញុំ អោយជួយ ផ្សព្វផ្សាយ អោយដល់ ACU និង តុលាការ ដើម្បី អោយមានការស៉ើបអង្កេត លំអិត ករណី មានការចាប់ខ្លួន បុរសជាមន្ត្រីម្នាក់ ដូច្នេះ សារព័ត៌មានយើង ក៏ផ្សាយជូន តាមការសំណូមពរ របស់ ពលរដ្ឋមួយគ្រួសារនោះ ដោយការធ្វើ បទសម្ភាសន៍ តែប៉ុណ្ណោះ មិនមានចេតនាញុះញង់ រឺប្រមាថ ដល់ ACU នោះទេ ប៉ុន្តែ បើមានការ យល់ច្រឡំ រឺប៉ះពាល់ណាមួយ សារព័ត៌មាន យើងខ្ញុំ សូមអភ័យទោស រាល់កំហុសឆ្គង ដោយអចេតនា 🙏”

អត្ថបទដែលជាប់ទាក់ទង