ព្រះមហាក្សត្រ ៖ វត្តអារាម បានរួមវិភាគទានដ៏សំខាន់ដល់សង្គម តាំងតែពីបុរាណកាល រហូតមកដល់បច្ចុប្បន្នកាល ក្នុងតួនាទីដ៏ពិសិដ្ឋ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធមហាកុដិសម្តេចព្រះសង្ឃរាជ ជួន ណាត វិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ និងសមិទ្ធផលនានានៅ​វត្តឧណ្ណាលោម ស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ព្រះបន្ទូលដ៏ពិសិដ្ឋរបស់ព្រះមហាក្សត្រ ៖ វត្តអារាម បានរួមវិភាគទានដ៏សំខាន់ដល់សង្គម តាំងតែពីបុរាណកាល រហូតមកដល់បច្ចុប្បន្នកាល ក្នុងតួនាទីដ៏ពិសិដ្ឋសំខាន់ ៤យ៉ាង៖

១. វត្តអារាម បានដើរតួនាទីជំរុញបណ្តុះសីលធម៌ គុណធម៌ ដែលជាផ្នែកមួយនៃពុទ្ធចរិយាសាស្ត្រធ្វើឱ្យសង្គមខ្មែរ មានសុខដុមនីយកម្មទាំងសាសនា និងសង្គម។

២. វត្តអារាម បានក្លាយទៅជាទីកន្លែង អប់រំទាំងផ្លូវកាយ ផ្លូវចិត្ត កសាងធនធានមនុស្ស ឱ្យមានចំណេះដឹងគ្រប់បែបយ៉ាង។

៣. វត្តអារាម គឺជាឃ្លាំងសម្រាប់រក្សាទុកនូវ មតិកវប្បធម៌ ប្រពៃណី ចំណេះដឹងដ៏សំបូរបែប ដែលផ្តល់គុណតម្លៃសម្រាប់ការសិក្សាស្រាវជ្រាវមិនចេះរីងស្ងួតឡើយ។

៤. វត្តអារាម គឺជាទីកន្លែងដ៏ទូលាយក្នុងការបញ្ជ្រាប និងថែរក្សាអត្តសញ្ញាណ ព្រលឹងជាតិ ដ៏សំខាន់តាំងតែពីបរមបុរាណដរាបរៀងមក។

តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្នកាល វត្តអារាមជួយផ្តល់កន្លែងស្នាក់នៅ បួសរៀនសូត្រចំណេះដឹងទូទៅដល់អ្នក ដែលមានការខ្វះខាត។
ក្នុងចំណោមនោះ មានមួយចំនួនបានក្លាយទៅជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងការបម្រើរដ្ឋ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង