លោកវរសេនីយ៍ឯក ប៉ែន សុគន្ធ មេបញ្ជាការស្តីទី កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញត្រួតពិនិត្យកម្លាំងអន្តរាគមន៍
ខេត្តបន្ទាយមានជ័យ៖ លោកវរសេនីយ៍ឯក ប៉ែន សុគន្ធ មេបញ្ជាការ(ស្តីទី) កងពលតូចថ្មើរជើងលេខ៥១ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អញ្ជើញចុះត្រួតពិនិត្យកម្លាំងអន្តរាគមន៍ សម្ភារមធ្យោបាយ គ្រឿងបំពាក់តាមឯកតា និងបានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដល់នាយទាហាន នាយទាហានរង និងពលទាហាន គ្រប់អង្គភាពចំណុះកងពល និងកម្លាំងតាមបន្ទាត់ព្រំដែន។
ក្នុងនោះដែរ លោកមេបញ្ជាការ(ស្តីទី) បានបញ្ជាក់យ៉ាងច្បាស់ថា យើងទាំងអស់គ្នាជាកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ជាកម្លាំងដ៏រឹងមាំរបស់រាជរដ្ឋាភិបាលដាច់ខាតត្រូវមានភក្ដីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ មានតួនាទី និងភារកិច្ចការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋជាពិសេសការពារ សន្តិភាព ឱ្យបានដាច់ខាតទោះបីត្រូវលះបង់អាយុជីវិតក៏ដោយ និងត្រូវកម្ទេចឱ្យអស់នូវក្រុមជ្រុលនិយមក្បត់ជាតិ ដែលមានបំណងចង់ផ្ដួលរលំរាជរដ្ឋាភិបាលស្របច្បាប់៕ អរគុណសន្តិភាព













