ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ សន្និបាតនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ឯកឧត្តម លី ធុច ទេសរដ្ឋមន្ត្រី ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រី ជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងតំណាងពីក្រសួងស្ថាប័ននានា ប្រមាណជិត ៦០០នាក់។
ថ្លែងក្នុងពិធីបើកសន្និបាត ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានមានប្រសាសន៍ថា នេះគឺជាលើកទី១ ដែលទីស្តីការគណៈរដ្ឋមន្រ្តីបានជួបជុំគ្នាជាមហាគ្រួសារមួយដ៏ធំ មិនធ្លាប់មានពីមុនមក ដើម្បីរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងលើកទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់ បន្ទាប់ពីទទួលបានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបន្តថា សន្និបាតនេះក៏ជាព្រឹត្តិការណ៍មួយដ៏មានសារៈសំខាន់ ដើម្បីបូកសរុបលទ្ធផល និងវឌ្ឍនភាពការងារដែលសម្រេចបានកន្លងមក ក៏ដូចជាកំណត់នូវបញ្ហាប្រឈម និងសំណូមពរនានារបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងអង្គភាពចំណុះទាំងអស់ សំដៅតម្រង់ទិស និងរួមគ្នាពិចារណារកដំណោះស្រាយសមស្រប ក្នុងគោលដៅបំពេញបេសកកម្មការងារដែលរាជរដ្ឋាភិបាលបានដាក់ចេញ ឱ្យមានគុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងារ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានបន្តទៀតថា សន្និបាតនេះក៏នឹងផ្តល់ឱកាសជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទទីស្តីការគណៈរដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំមកពីក្រសួង ស្ថាប័ននានា បានស្វែងយល់កាន់តែច្បាស់អំពីអត្តសញ្ញាណ និងតួនាទីភារកិច្ច នៃទីស្តីការគណៈរដ្ឋមន្រ្តី ក៏ដូចជាសមិទ្ធិកម្មសំខាន់ៗដែលទីស្តីការគណៈរដ្ឋមន្ត្រី និងអង្គភាពចំណុះនានាខិតខំសម្រេចបាន ក្នុងរយៈពេលពេញមួយឆ្នាំកន្លងទៅនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសរំលេចផងដែរថា ទីស្តីការគណៈរដ្ឋមន្រ្តី ត្រូវបានបង្កើតនៅក្នុងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី ដែលមានឋានានុក្រមខ្ពស់ជាងច្បាប់ស្តីពីការបង្កើតក្រសួងស្ថាប័នផ្សេងទៀត។ លក្ខណៈពិសេសមួយទៀត គឺទីស្តីការគណៈរដ្ឋមន្រ្តី ដឹកនាំដោយនាយករដ្ឋមន្ត្រី ហើយរដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តីមានតួនាទីគ្រប់គ្រង និងចាត់ចែងការងារទីស្ដីការគណៈរដ្ឋមន្រ្តី។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកឡើងផងដែរ នូវចក្ខុវិស័យរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលជា «ស្ថាប័នដែលមានសមត្ថភាពនិងវិជ្ជាជីវៈខ្ពស់ និងមានក្រមសីលធម៌ ក្នុងការបំពេញការងារប្រកបដោយគុណភាព ប្រសិទ្ធភាព និងនិរន្តរភាព» និងគុណតម្លៃស្នូលចំនួន ៤ របស់ទីស្តីការគណៈរដ្ឋ​មន្រ្តី៖
ទី១.នីតិរដ្ឋនិងការការពារផលប្រយោជន៍សាធារណៈ
ទី២.គុណាធិបតេយ្យ
ទី៣.សាមគ្គីភាពនិងបរិយាបន្ន និង​
ទី៤. វិជ្ជាជីវៈនិងក្រមសីលធម៌។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសបញ្ជាក់ផងដែរ នូវមុខងារ និងតួនាទីភារកិច្ចរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលមានកន្សោមមុខងារចំនួន ៣ គឺ៖ ១.មុខងារស្នូលមានចំនួន ៧ និងមុខងារសម្របសម្រួលមានចំនួន ៥ ព្រមទាំងមុខងារគាំទ្រមានចំនួន ៥ផងដែរ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង