ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ​កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយកអស់កម្លាំងកាយ ចិត្ត និងប្រាជ្ញា​ស្មារតី ក្នុងការបំពេញការងារយ៉ាងសកម្ម

ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ​កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ តាមបណ្តាអគ្គនាយកដ្ឋាន​ជំនាញ​ទាំង១០ ក៏ដូចជាតាមបណ្តាអង្គភាពចំណុះទាំង២៩ ដែលបានខិតខំយកអស់កម្លាំងកាយ ចិត្ត និងប្រាជ្ញា​ស្មារតី ក្នុងការបំពេញការងារយ៉ាងសកម្មក្នុងរយៈពេលកន្លងមកនេះ ប្រកបដោយសាមគ្គីភាពផ្ទៃក្នុងរឹងមាំ​ជាអង្គតែមួយ និងប្រកបដោយសហថាមពល ដែលបានបង្ហាញថា ទីស្ដីការគណៈរដ្ឋមន្ត្រីកំពុង​រីកលូត​លាស់ រីកចម្រើន មានថាមពល និងចីរភាពក្នុងការបំពេញបេសកកម្មបម្រើរាជរដ្ឋាភិបាល និងប្រទេសជាតិ ជាពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាល។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបន្តថា ម្ខាងទីស្តីការគណៈរដ្ឋមន្រ្តីបានបំពេញនូវមុខងារ​ភារកិច្ច​របស់ខ្លួន​ជាសេនាធិការ​របស់​នាយក​រដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តី និងម្ខាងទៀតបានខិតខំធ្វើការកែទម្រង់ តាមរយៈការរៀបចំផែនការយុទ្ធសាស្រ្ត, ផែនទីចង្អុលផ្លូវ ការបណ្តុះបណ្តាល និងការវិភាគមុខងារ ព្រម​ទាំង​ការរៀបចំប្រព័ន្ធការងារ រចនាសម្ព័ន្ធស្ថាប័ន និងប្រព័ន្ធលើកទឹកចិត្តជាដើម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកទឹកចិត្តឱ្យអង្គសន្និបាត ចូលរួមស្តាប់ដោយយកចិត្តទុក​ដាក់ និងចូលរួមផ្តល់មតិយោបល់ឱ្យបានផុលផុស សម្រាប់ជាមូលដ្ឋានក្នុងការដាក់ចេញនូវវិធានការថ្មីៗ សំដៅដោះស្រាយបញ្ហាប្រឈមដែលនឹងត្រូវបានលើកឡើងនៅក្នុងសន្និបាត ដើម្បីឱ្យកិច្ចពិភាក្សាបាន​ផុសផុល ដំណើរការទៅដោយរលូន និងសម្រេចបានលទ្ធផលល្អត្រចះត្រចង់ដូចការគ្រោងទុក៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង