សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន”

ភ្នំពេញ ៖ ព្រឹកថ្ងៃពុធ ទី៩ មេសា ២០២៥ ការដាក់ចេញកម្មវិធីនេះក្នុងគោលដៅជំរុញការពង្រីកមូលដ្ឋានសេដ្ឋកិច្ចក្នុងបណ្តាខេត្តភាគឦសាន តាមរយៈការជំរុញ វិនិយោគឯកជន ក៏ដូចជាជំរុញការតភ្ជាប់នៃចរន្តសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ និងប្រកបដោយបរិយាប័ន្ន ។
ក្នុងសេចក្តីថ្លែងការណ៍ពិសេស ស្ដីពី «សមិទ្ធផល ១ ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទំ ៧ នៃរដ្ឋសភា» កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៤, សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានផ្តល់ការណែនាំ និង ការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ដល់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (គ.ស.ហ.) ឲ្យពិនិត្យ និង រៀបចំ «កម្មវិធីពិសេស» នេះ ដើម្បីសិក្សា និង រៀបចំគោលនយោបាយលើកទឹកចិត្តពិសេស ក្នុងគោលដៅជំរុញវិនិយោគឯកជន ឆ្ពោះ ទៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា ។ កម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល» នេះ កើតចេញពី មហិច្ឆតា ចង់ជំរុញបង្កើននូវសកម្មភាពសេដ្ឋកិច្ច ដល់បណ្ដាខេត្តដែលស្ថិតនៅឆ្ងាយពី មជ្ឈមណ្ឌលកំណើន ក៏ដូចជា ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ច តាមតំបន់ និង តាមវិស័យ ។
ក្នុងការរៀបចំ «កម្មវិធីពិសេស» នេះ, រាជរដ្ឋាភិបាល មានគោលបំណងបង្កើនការងារ និង សកម្មភាពធុរកិច្ច ស្របតាម គំរូនៃការអភិវឌ្ឍសេដ្ឋកិច្ចនៅនឹងកន្លែង និង គន កំណើនសេដ្ឋកិច្ច ដឹកនាំដោយវិស័យឯកជន (Private Sector-led Growth Model) ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង