ពិធីសម្ពោធបើកពិព័រណ៍ស្តី រាជសំរឹទ្ធខ្មែរ៖ សិល្បៈនៃអាទិទេព “Angkor Royal Bronzes: Art of the Divine”

កាលពីថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំប្រតិភូតំណាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកម្មវិធីសម្ពោធបើកពិព័រណ៍ស្តីពី “Angkor Royal Bronzes: Art of the Divine” ដែលរៀបចំសហការដោយសារមន្ទីរសិល្បៈអាស៊ីហ្គីមេ(Guimet) សាលាបារាំងចុងបូព៌ាប្រទេស(EFEO) វិទ្យាស្ថានស្រាវជ្រាវនិងជួសជុលនៃសារមន្ទីរបារាំង (C2RMF) និងសារមន្ទីរជាតិកម្ពុជា។

ក្រោមការដឹកនាំ​ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី​ រាជរដ្ឋាភិបាលបានរមែងទុកវប្បធម៌ជាអទិភាពក្នុងវិស័យការទូត ជាការពង្រឹងអត្តសញ្ញាណជាតិ រួមទាំងជម្រុញពីសក្តានុពលទេសចរណ៍​កម្ពុជា​ ក៏ដូចជាការត្រៀមរៀបចំទទួលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនាឆ្នាំក្រោយនេះ។ កម្ពុជាមានមោទនភាពខ្ពស់បំផុតចំពោះស្នាដៃដូនតា ដែលទោះជាមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ក៏នៅតែជាឯកអគ្គរាជទូតដ៏ធំធេងបំផុតនាំកម្ពុជាទៅលើឆាកអន្តរជាតិ។

ពិព័រណ៍មិនអចិន្ត្រៃយ៍នេះ នឹងដាក់តាំងនៅសារមន្ទីរហ្គីមេប្រទេសបារាំងរយៈពេល៤ខែដោយគិតចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ហើយពិព័រណ៍នេះទាំងស្រុងនឹងបន្តទៅដាក់តាំងផ្សព្វផ្សាយនៅសារមន្ទីរ Minneapolis Institute of Art, Minnesota នាចុងឆ្នាំ២០២៥។ ដោយឡែកនៅពេលបញ្ចប់ពិព័រណ៍នៅរដ្ឋមីនីសូតានាដើមឆ្នាំ២០២៦ រូបចម្លាក់ព្រះនារាយណ៍ផ្ទុំធំចំនួន១ នឹងបន្តទៅដាក់តាំងនៅសារមន្ទីរ Smithsonian National Museum of Asian Art, Washington, D.C. និងសារមន្ទីរAsian Art Museum, San Francisco រហូតដល់ដើមឆ្នាំ២០២៧៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង