អគ្គលេខាធិការ សមាគមអតីតយុទ្ធជន ៖សមាគមអតីតយុទ្ធជនគ្រប់ខេត្ត/ក្រុង/ស្រុក ត្រូវយកចិត្តទុកដាក់ តាមដានចំពោះសុខទុក្ខ និងជីវភាពរស់នៅ របស់បងប្អូនគ្រួសារអតីតយុទ្ធជនជាប្រចាំ

(ប៉ៃលិន)៖ ថ្លែងនៅក្នុងពិធីប្រកាសទទួលស្គាល់ ប្រធាន អនុប្រធាន សមាគមអតីតយុទ្ធជន ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ក្នុងសាលប្រជុំមន្ទីរបក្សខេត្ត លោក គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកអគ្គលេខាធិការ សមាគមអតីតយុទ្ធជន បានក្រើនរំលឹក ដល់សមាគមអតីតយុទ្ធជនគ្រប់ខេត្ត/ក្រុង ទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះការរស់នៅ និងជីវភាព បងប្អូនអតីតយុទ្ធជនជាប្រចាំ ព្រោះពួកគាត់ទាំងអស់នោះ មានគុណបំណាច់ធំធេងណាស់ សម្រាប់ប្រទេសជាតិ ។ពិធីនេះក៍មានការអញ្ជើញចូលរួមពីលោក ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងកោគ និងជាមេបញ្ជាការយោធិភូមិភាគទី៥ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជន ក្រុង ស្រុក ឃុំ សង្កាត់ និងបណ្តាមន្រ្តីពាក់ព័ន្ធ ព្រមទាំងបងប្អូនអតីតយុទ្ធជន ប្រមាណជាង៥០០នាក់ផងដែរ។

បើតាមលោកវរសេនីយ៍ឯក តូ គីមឃុន មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងប៉ៃលិន បានឲ្យដឹងថា៖សមាជិកអតីតយុទ្ធជន ដែលកំពុងទទួលគោលរបរ នៅមន្ទីរសង្គមកិច្ច មានចំនួន ១៣៧៩នាក់ ពិការចំនួន ៨១៧នាក់ ពលី ចំនួន១៤០នាក់ មរណៈចំនួន ៣៦នាក់ និវត្តជនចំនួន ៣៧១នាក់ បាត់បង់ចំនួន ១៥នាក់ ហើយនៅថ្ងៃនេះគឺមានពិធីប្រគល់ផ្ទះ ជូនសមាជិកអតីតយុទ្ធជន ចំនួន០៣ខ្នង ស្ថិតក្នុងភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនផងដែរ។
ថ្លែងក្នុងឱកាសនោះដែរលោក ទេសរដ្ឋមន្ដ្រី គន់ គីម ទទួលបន្ទុកអគ្គលេខាធិការ សមាគមអតីតយុទ្ធជន បានមានប្រសាសន៍លើកឡើង ដោយបានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំសមាគម គ្រប់ថ្នាក់ គ្រប់ផ្នែក ដែលនៅក្នុងរយៈពេល១ឆ្នាំ២០១៩កន្លងមកនេះ បានជំរុញសកម្មភាពសមាគម មានដំណើរការវិវត្តន៍ គួរឲ្យកត់សម្គាល់។ ក្នុងនោះកិច្ចសហការ ដឹកនាំសមាសភាពចម្រុះ កិច្ចពង្រឹង អង្គការចាត់តាំងថ្នាក់ខេត្ត ក្រុង ស្រុក រហូតដល់ឃុំ ការធ្វើបច្ចុប្បន្នភាព សមាជិកសមាគម ការបើកប្រាក់បេឡាមរណៈសង្គ្រោះ បានដល់ដៃ និងទាន់ពេលវេលា ជូនគ្រួសារសព ការពិនិត្យដោះស្រាយរាល់ សំណូមពរសមាជិកសមាគម ដែលកំពុងជួបការលំបាក ខ្វះខាតជាក់ស្តែង ទទួលបាននូវទីជម្រក ផ្ទះសម្បែងសមរម្យ ផ្តល់គ្រឿងឧបភោគ បរិភោគជាដើម ដោយមិនទុកឲ្យបងប្អូន ទទួលរងគ្រោះ ដោយយើងមិនបានដឹង និងមិនបានគិតគូរយកចិត្តទុកដាក់នោះឡើយ។

ជាមួយគ្នានេះ សមាគអតីតយុទ្ធជនខេត្ត ដែលបានប្រកាស់នាពេលនេះ ត្រូវខិតខំ ចុះជួបសមាជិក ដើម្បីពិនិត្យមើល ស្ថានភាពជីវភាព សុខភាព របស់ពួកគាត់ ហើយត្រូវជួយដោះស្រាយបញ្ហា ពេលឃើញពីទុក្ខលំបាក ដូចជា ខ្វះខាតជីវភាព ត្រូវជួយឧបត្ថម្ភ បើមានជំងឺ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ឬ បង្កលក្ខណៈ ឲ្យទទួលបានសេវាសាធារណៈផ្សេងៗ ឲ្យសមទៅ និងគុណបំណាច់ របស់ពួកគាត់ ដែលបានលះបង់ដើម្បីបុព្វហេតុជាតិមាតុភូមិ ក្នុងរយៈកាលកន្លងមក និងបន្តសហការគ្នា អនុវត្តការចូលរួមបុណ្យសព បើកផ្តល់ប្រាក់មរណសង្គ្រោះ និងប្រាក់ធានារ៉ាប់រងសង្គម ឲ្យបានទាន់ពេលវេលា ដោយឡែកចំពោះបញ្ហា ដែលកន្លងមកពាក់ព័ន្ធហ្នឹងការផ្តល់សេវាសុខភាព គឺសូមឲ្យសមាគមអតីតយុទ្ធជនខេត្ត ត្រូវពង្រឹងឲ្យបានល្អ ក្នុងត្រូវមានការសហការគ្នា តាំងពីថ្នាក់ខេត្ត រហូតដល់មូលដ្ឋាន ដើម្បីជួយឲ្យមន្ទីរសុខាភិបាល យកចិត្តទុកពិនិត្យសុខភាព របស់ពួកគាត់ផងដែរ។

សូមបញ្ជាក់ថា៖ ក្នុងនោះពិធីប្រកាស់ទទួលស្គាល់ប្រធាន អនុប្រធាន នេះដែរ ក៍មានការប្រគល់ផ្ទះចំនួន០៣ខ្នងផ្ទះ ជូនដល់បងប្អូនអតីតយុទ្ធជនខេត្តប៉ៃលិន និងថវិកាសម្រាប់បងប្អូន ដែលចូលរួម ក្នុងម្នាក់ទទួលថវិកា៥ម៉ឺនរៀល ជាអំណោយរបស់ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ព្រមទាំងទទួលស្គាល់លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន ជាប្រធានសមាគមអតីតយុទ្ធជនខេត្តប៉ៃលិន ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង