ស៊ី ជិនភីង៖ ការជ្រើសរើសយកចិន គឺជាជម្រើសដ៏ត្រឹមត្រូវបំផុតរបស់គីរីបាទី
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង បានគោរព និងសាទរជាថ្មីចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលគីរីបាទីក្នុងការបន្តការទូតជាមួយនឹងចិន។ លោកប្រធានាធិបតីស៊ី បានមើលឃើញពីតម្រូវការចាំបាច់ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ និងការបង្កើនទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរ ដើម្បីជំរុញឲ្យចំណងទ្វេភាគីកាន់តែស៊ីជម្រៅថែមទៀត។
នាជំនួបក្នុងរដ្ឋធានីប៉េកាំងនៅដើមសប្តាហ៍នេះ លោកប្រធានាធីបតី ស៊ី ជិនភីង បានអះអាងចំពោះមុខប្រធានាធិបតីគីរីបាទី លោក Taneti Maamau ថា ការផ្សារភ្ជាប់ទំនាក់ទំនងរវាងចិន និងគីរីបាទីចាប់ពីខែកញ្ញា ឆ្នាំមុនមក គឺជាការបើកទំព័រថ្មីនៃការអភិវឌ្ឍចំណងទ្វេភាគី ហើយការសម្រេចនេះ ក៏ជាការជ្រើសរើសដ៏ត្រឹមត្រូវមួយក្នុងប្រវត្តិសាស្ត្រ។
តាមការចុះផ្សាយក្នុងគេហទំព័រផ្លូវការរបស់ក្រសួងការបរទេសចិន លោកប្រធានាធិបតី ស៊ី បានមើលឃើញពីផ្លែផ្កាបណ្តើរៗហើយ គិតចាប់តាំងពីប្រទេសទាំងពីរប្រកាសបន្តទំនាក់ទងការទូតនឹងគ្នា ហើយចិន ក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។
ដើម្បីធ្វើឲ្យគីរីបាទីកាន់តែកក់ក្តៅជាមួយខ្លួននោះ លោកប្រធានាធិបតី បានសង្កត់ធ្ងន់ថា ចិន តែងតែគោរពគីរីបាទី ហើយក៏ប្រកាន់ខ្ជាប់គោលជំហរមួយគឺ «មិនថាប្រទេសធំ ឬតូចប៉ុណ្ណានោះទេ គ្រប់ប្រទេសទាំងអស់ ត្រូវស្មើមុខស្មើមាត់គ្នា និងគោរពអធិបតេយ្យ និងបូរណភាពទឹកដីគ្នាទៅវិញទៅមក»។ លោក បន្ថែមថា ចិន ក៏មិនដែលគិតចង់គ្រប់គ្រង និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសណាឡើយ។
ជាមួយនឹងការប្រកាសជំហររបស់ខ្លួន លោក ស៊ី បានលើកទឹកចិត្តឲ្យគីរីបាទីចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងវិថី ដោយផ្សារភ្ជាប់ជាមួយនឹងគោលនយោបាយអភិវឌ្ឍជាតិគីរីបាទីផង។ លោក ក៏បានបញ្ជាក់ពីឆន្ទៈក្នុងការពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយគីរីបាទីតាមរយៈក្របខណ្ឌវេទិកាកោះប៉ាស៊ីហ្វិករបស់អង្គការសហប្រជាជាតិ និងក្របខណ្ឌត្បូង-ត្បូង ដើម្បីជួយគីរីបាទីទប់ស្កាត់ជាមួយនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។
ឆ្លើយតបនឹងសារស្វាគមន៍របស់មេដឹកនាំកំពូលចិន លោកប្រធានាធិបតីគីរីបាទី បានបញ្ជាក់ជាថ្មីថា ការណ៍ដែលគីរីបាទីជ្រើសយកចិន ក៏ដោយសារគីរីបាទីទុកចិត្ត និងមានទំនុកចិត្តលើចិន។ លោក ថា ទោះបីជាគីរីបាទី និងចិនទើបមានទំនាក់ទំនងការទូតបានប៉ុន្មានខែមែន តែភាគីទាំងពីរ សម្រេចបានលទ្ធផលផ្លែផ្កាច្រើនគួរកត់សម្គាល់។ លោក ប្តេជ្ញាប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយ និងគោលនយោបាយប្រទេសមួយ ប្រព័ន្ធពីររបស់ចិនផងដែរ៕