លោក អាបេ៖ ការផ្ទុះសង្គ្រាមជាមួយអ៊ីរ៉ង់ នឹងធ្វើឲ្យប៉ះពាល់ស្ថិរភាពពិភពលោក
ក្នុងដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃនៅតំបន់មជ្ឈិមបូព៌ា នាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ បានទទូចឲ្យប្រទេសទាំងអស់ ដែលកំពុងមានជម្លោះជាមួយអ៊ីរ៉ង់ កាត់បន្ថយភាពតានតឹង ដើម្បីស្ថិរភាព និងសន្តិភាពរបស់ពិភពលោក។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន លោកMasato Ohtaka នៅថ្ងៃទី១៣ ខែមករា។
ស្របពេលភាពតានតឹងរវាងអ៊ីរ៉ង់ និងអាមេរិក កំពុងតែក្តៅគគុក នាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ បានធ្វើដំណើរទស្សនកិច្ចរយៈពេលប្រាំថ្ងៃទៅអារ៉ាប៊ីសាអូឌីត អូម៉ង់ និងអេមីរ៉ាតអារ៉ាប់រួម ដើម្បីជជែកពីបញ្ហាតំបន់ សុវត្ថិភាពថាមពល (Energy Security) និងការបញ្ជូននាវាចម្បាំងជប៉ុនទៅក្នុងតំបន់មជ្ឈិមបូព៌ាជាដើម។ ដោយចាកចេញពីជប៉ុននៅថ្ងៃទី១១ ខែមករា នាយករដ្ឋមន្ត្រីជប៉ុនស៊ិនហ្សូ អាបេ បានជួបជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman នៅថ្ងៃទី១២ ខែមករា។
តាមរយៈជំនួបប្រមាណជាង១ម៉ោង ជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត លោកអាបេ បានបញ្ជាក់ថា ការប្រឈមមុខដាក់គ្នាជាមួយប្រទេសណាមួយនៅក្នុងតំបន់មជ្ឈិមបូព៌ា ជាពិសេសអ៊ីរ៉ង់ វាមិនត្រឹមតែបង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងនៅក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កឲ្យមានអស្ថិរភាព និងបញ្ហាសន្តិសុខដល់ពិភពលោកថែមទៀតផង។ បើតាមនាយករដ្ឋមន្ត្រីជប៉ុន វិធីតែមួយគត់ ដើម្បីបញ្ចៀសវិបត្តិទាំងនេះបាន ល្គិកណាភាគីពាក់ព័ន្ធទាំងអស់ ចូលរួមដោះស្រាយបញ្ហាតាមផ្លូវការទូត។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន លោក Ohtaka។
ក្រៅពីបញ្ហាអ៊ីរ៉ង់ មេដឹកនាំទាំងពីរ ក៏បានយល់ព្រមសហការជាមួយគ្នា ដើម្បីពង្រឹងសន្តិសុខតាមផ្លូវសមុទ្រផងដែរ ក្នុងនោះរួមមាន ការបញ្ជូននាវាចម្បាំង និងយន្តហោះស៊ើបការណ៍P-3C ទៅក្នុងតំបន់មជ្ឈិមបូព៌ាផងដែរ។ កន្លងមក អាមេរិកក៏ធ្លាប់បបួលជប៉ុនឲ្យសហការជាមួយគ្នាដែរ លើបញ្ហាបញ្ជូននាវាចម្បាំងទៅមជ្ឈិមបូព៌ា ប៉ុន្តែត្រូវបានជប៉ុនបដិសេធ ព្រោះមិនចង់ប្រឈមមុខផ្ទាល់ និងចៀសវាងជម្លោះជាមួយអ៊ីរ៉ង់។
សូមបញ្ជាក់ថា តំបន់មជ្ឈិមបូព៌ា កំពុងស្ថិតក្នុងភាពតានតឹង បន្ទាប់ពីយន្តហោះដ្រូនអាមេរិក បានធ្វើឃាតមេបញ្ជាការជាន់ខ្ពស់នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ Qasem Soleimani។ ជាការសងសឹង អ៊ីរ៉ង់បានបាញ់មីស៊ីលបាលីស្ទិកជាង១០គ្រាប់ ដើម្បីវាយប្រហារទៅលើបន្ទាយឈរជើងរបស់អាមេរិក នៅអ៊ីរ៉ាក់វិញ។ បើទោះបីជាអាមេរិក មិនមានវិធានការតបមែន ប៉ុន្តែអាមេរិក បានសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ជំនួស៕