Detail Top Banner

Real ផ្តួល Atletico ដោយប៉េណាល់ទី ដើម្បីលើកពាន Super Cup ជាលើកទី១១

អ្នកចាំទី Thibaut Courtois បានក្លាយជាវីរបុរស កាលពីថ្ងៃអាទិត្យ ខណៈដែលក្រុម Real Madrid បានផ្តួលក្រុមស្ថិតក្នុងទីក្រុងតែមួយ Atletico Madrid ដោយការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីឈ្នះពានអេស្ប៉ាញ Super Cup ជាលើកទី១១របស់ពួកគេ។

អ្នកចាំទី Courtois និង Jan Oblak សុទ្ធសឹងបានបំពេញតួនាទីយ៉ាងល្អដូចគ្នា ក្នុងពេលការប្រកួតដែលបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ នៅទីក្រុង Jeddah ប៉ុន្តែ អ្នកចាំទីអន្តរជាតិបែលហ្ស៊ិក Courtois បានក្លាយជាវីរបុរស តាមរយៈការសង្គ្រោះបាល់ពីការស៊ុតរបស់កីឡាករ Thomas Partey ក្រោយពីកីឡាករ Saul Niguez បានស៊ុតបាល់ប៉ះទៅនឹងបង្គោលទី។ ខ្សែការពារ Sergio Ramos បានរកគ្រាប់បាល់ឈ្នះពីការស៊ុតបាល់ពីចំណុចពិន័យ១១ម៉ែត្រ ដើម្បីជួយឲ្យក្រុម Real Madrid លើកពានជាលើកទី១របស់ពួកគេនៅរដូវកាលនេះ ខណៈដែលក្របខ័ណ្ឌ La Liga និង Champions League គឺជាពានបន្ទាប់ដែលស្ថិតក្នុងកែវភ្នែករបស់ពួកគេ។

អ្នកចាំទី Courtois បានឲ្យដឹងថា៖ «ខ្ញុំបានសង្គ្រោះបាល់យ៉ាងល្អពីការស៊ុតរបស់ពួកគេ។ Saul បានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល ប៉ុន្តែ Thomas ខ្ញុំបានមើលដឹង ហើយរូបគេបានស៊ុតបាល់យ៉ាងខ្លាំង»។ Atletico ស្ទើរតែដណ្តើមបានជ័យជម្នះនៅនាទីបន្ថែម១៥នាទី២ដងទៅហើយ នៅពេលដែលខ្សែប្រយុទ្ធ Alvaro Morata បានអូសបាល់ដាច់តែម្នាក់ឯង ប៉ុន្តែ កីឡាករ Federico Valverde របស់ Real សុខចិត្តទទួលការពិន័យកាតក្រហម ជាថ្នូរទៅនឹងការប្រព្រឹត្តកំហុសទៅលើខ្សែប្រយុទ្ធរូបនេះពីខាងក្រោយ៕

អត្ថបទដែលជាប់ទាក់ទង