សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយភរិយាអតីតនាយករដ្ឋមន្ត្រីជប៉ុន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ បន្ទាប់ពីបានទទួលជួបជាមួយសមាជិកសភាមកពីប្រទេសជប៉ុនរួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានទទួលជួបពិភាក្សាការងារបន្តជាមួយ លោកជំទាវ OBUCHI Chizuko ដែលភរិយា របស់លោក Keizō Obuchi អតីតនាយករដ្ឋមន្ត្រីជប៉ុន។
ក្នុងជំនួបនោះ លោកជំទាវ OBUCHI Chizuko បានគោរពជម្រាបជូនសម្ដេចតេជោថាលោកជំទាវពិតជាមានសេចក្តីសោមនស្សរីករាយដែលបានមកធ្វើទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានៅក្នុងខួប២០ឆ្នាំបន្ទាប់ពីលោកជំទាវ និងស្វាមី មកកាន់កម្ពុជាកាលពី២០ឆ្នាំមុន។ លោកជំទាវបានគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលបានអនុញ្ញាតឲ្យលោកជំទាវ និងគណៈប្រតិភូបានចូលជួបសំដែងការគួរសមនាពេលនេះ និងក៏សូមថ្លែងអំណរគុណសម្ដេចតេជោផងដែរ ដែលតំណាងឱ្យព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានបំពាក់គ្រឿងឥស្សរិយយសជូនលោកជំទាវ។
លោកជំទាវ OBUCHI Chizuko ធ្វើដំណើរមកទស្សនកិច្ចទៅកាន់មជ្ឍមណ្ឌលស៊ីម៉ាកកាលពី២០ឆ្នាំមុន ជាមួយនឹងស្វាមី លោកជំទាវបានមើលឃើញថា ព្រះរាជាណាចក្រកម្ពុជាបានទទួលនូវសុខសន្តិភាពយ៉ាងពិតប្រាកដ ហើយប្រជាពលរដ្ឋកម្ពុជាមានទឹកមុខស្រស់ស្រាយ និងរស់រវើក នេះជាជោគជ័យដ៏ពិតប្រាកដរបស់កម្ពុជា។ លោកជំទាវក៏បានជូនពរឲ្យចំណងមិត្តភាពរវាងកម្ពុជា និងជប៉ុនកាន់តែស្អិតរមួតរឹងមាំបន្ថែមទៀត ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍អំពីអតីតកាល ឯកឧត្តម Obuchi មកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា និងលោកជំទាវ ជាជនជាតិបរទេសធ្វើទស្សនកិច្ចទៅមើលសកម្មភាពដោះមីននៅមជ្ឈមណ្ឌលស៊ីម៉ាក ហើយបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅនឹងបញ្ហាដោះមីននៅកម្ពុជា រំលឹកពីអតីតកាល គឺឯកឧត្តម Keizō Obuchi និងរាជរដ្ឋាភិបាល ប្រជាពលរដ្ឋជប៉ុន តែងតែជួយដល់ប្រទេសកម្ពុជាឲ្យមានការបោះឆ្នោតក្នុងឆ្នាំ១៩៩៨ បន្ទាប់ពីកម្ពុជាមានជម្លោះដោយប្រដាប់អាវុធនៅឆ្នាំ១៩៩៧ លើសពីនេះទៅទៀតសម្ដេចតេជោបានបញ្ជាក់ថា ឯកឧត្តម Obuchi ជានាយករដ្ឋមន្ត្រីទី២ ក្នុងប្រវត្តិសាស្ត្រដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា កាលពី២០ឆ្នាំមុននោះ គឺជាប្រវត្តិសាស្ត្រ ឯកឧត្តមគឺជាមនុស្សទីពីរ នៅក្នុងដំណាក់កាលរបស់ ឯកឧត្តមជានាយករដ្ឋមន្ត្រីជប៉ុន ដែលបានចូលរួមក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងការជួយជំរុញឲ្យមានការផ្តល់នូវថវិកាទ្រទ្រង់ដល់កម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ក្រោមដំណើរទស្សនកិច្ចរបស់ឯកឧត្តម។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានថ្លែងនូវអំណរគុណ និងជូនពរលោកជំទាវ OBUCHI Chizuko ទទួលបាននូវភាពជោគជ័យក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាផងដែរ៕ by PATHOM