សិស្សកំពុងអង្គុយរៀន ស្រាប់តែដួលសន្លប់ជាបន្តបន្ទាប់ ៣៩នាក់ នៅវិទ្យាល័យក្រូចឆ្មារ
ខេត្តត្បូងឃ្មុំ៖ សិស្សនៅ វិទ្យាល័យក្រូចឆ្មារ កំពុងអង្គុយរៀនក្នុងថ្នាក់សុខៗ ស្រាប់តែដួលសន្លប់ជាបន្តបន្ទាប់ ចំនួន៣៩នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។
ករណីនេះបានកើតឡើងនៅពីម៉ោង ១រសៀល កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ រហូតមកដល់ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ នៅតែមានការសន្លប់ជាបន្តបន្ទាប់ដោយមិនទាន់ដឹងមូលហេតុច្បាស់ លាស់នៅឡើយ។
ហើយក៏ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ទោះបីជាយ៉ាងណាក៏ដោយ ក៏មិនមានរបាយការណ៍ថា មានគ្រោះថ្នាក់ដល់អាយុជីវិតដល់សិស្សណាម្នាក់នោះឡើយ។ របាយការណ៍របស់លោក សយ ទូច អភិបាល នៃគណៈអភិបាលស្រុកក្រូចឆ្មារ ថា ៖
នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង ១ថ្ងៃត្រង់ រហូតដល់ម៉ោង៤:៣០នាទីល្ងាច សិស្សនៅវិទ្យាល័យក្រូចឆ្មារចំនួន ១២នាក់ កំពុងអង្គុយរៀនក្នុងថ្នាក់ មានអាការៈដួលសន្លប់ជាបន្តបន្ទាប់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក ដោយមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យជាបឋម ចំពោះមូលហេតុដែលបណ្តាោលឲ្យសិស្សដួលសន្លប់ជាបន្តបន្ទាប់នោះ គឺសិស្ស២នាក់ខ្វះជាតិស្ករ ក្រៅពីនោះ មានសភាពខ្សោយ ។
នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះផងដែរ មានករណីសិស្ស ១៤នាក់ នៃសិស្សជាច្រើន បានកើតការសន្លប់ជាបន្តបន្ទាប់ទៀត ក្នុងពេលកំពុងឈរគោរពទង់ជាតិ អជ្ញាធរពាក់ព័ន្ធកំពុងតែតាមដាននៅមូលហេតុដែលកើតឡើង ៕