សមត្ថកិច្ចចាប់ខ្លួនមេភូមិម្នាក់ និងគូកនម្នាក់ ករណីលួចលក់ដីរដ្ឋ

ខេត្តពោធិ៍សាត់ ៖ មន្ត្រីមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងកម្លាំងនគរបាលស្រុកវាលវែង បានចុះបង្ក្រាបការឈូសឆាយរុករានយកដីព្រៃរបស់រដ្ឋលក់ដោយខុសច្បាប់មួយករណី កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នៅចំណុចតំបន់អណ្តូងស្រុក ស្ថិតក្នុងភូមិសំឡាញ់ ឃុំក្រពើពីរ ស្រុកវាលវែង ។

លោក ធាង ឡេង អធិការនគបាលស្រុកវាលវែង បានប្រាប់ថា ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននេះ ម្នាក់ជាមេភូមិសំឡាញ់ម្នាក់ឈ្មោះ ពេញ សារ៉ន ភេទប្រុស អាយុ៤៩ឆ្នាំ និងគូកនម្នាក់ឈ្មោះ វង់ ផល្លា ភេទប្រុស អាយុ៥០ឆ្នាំ ជាមេការចាំដី និងជាអ្នកជួលគ្រឿងចក្រឈូសឆាយដីនៅតំបន់ខាងលើ។
ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធទៅនឹងបទល្មើសឈូសឆាយទន្ទ្រានដីព្រៃរបស់រដ្ឋ ដែលមានទំហំ ១៦៩ហិកតា ដើម្បីលក់និងទិញដោយខុសច្បាប់។

ជនសង្ស័យទាំង២នាក់ ត្រូវសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកវាងវែង បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ក្នុងពេលនេះផងដែរ សមត្ថកិច្ចកំពុងធ្វើការស្រាវតាមចាប់ខ្លួនបក្ខពួកពាក់ព័ន្ធមួយចំនួនបន្ថែមទៀត៕ by PATHOM

អត្ថបទដែលជាប់ទាក់ទង