បើធៀបប្រទេសក្នុងតំបន់ កម្ពុជាយើងជាប្រទេសដែលហក់ចូលវិស័យយានយន្ត…
គិតដល់ឆ្នាំ២០១៩ តើកម្ពុជាមានរោងចក្រដំឡើងរថយន្តប៉ុន្មានហើយ ?
បើធៀបប្រទេសក្នុងតំបន់ កម្ពុជាយើងជាប្រទេសដែលហក់ចូលវិស័យយានយន្តយឺតជាងគេបន្តិច ខណៈដែលប្រទេសក្បែរខាងដូចជាថៃបានហក់ចូលវិស័យមួយនេះតាំងពីឆ្នាំ ១៩៦២មកម្លេះ ដែលមានក្រុមហ៊ុន Hyundai បានបោះទុនវិនិយោគលើរោងចក្រដំឡើងរថយន្តមុនគេ ។
សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ក៏បានឱ្យដឹងថា ក្នុង១ឆ្នាំៗ កម្ពុជា បាននាំចូលរថយន្តសរុបប្រមាណ៦ម៉ឺនគ្រឿង ប៉ុន្តែក្នុងនោះរថយន្តថ្មីៗនិងរថយន្ត ដែលនាំចូលតាមក្រុមហ៊ុនផ្លូវការ មាន មិនដល់១០ភាគរយផង ក្រៅពីនោះ គឺជារថយន្តដែលនាំចូលក្រៅផ្លូវការ ឬហៅថារថយន្តមួយទឹក។
បើតាមការចុះផ្សាយបន្តបន្ទាប់របស់ភ្នាក់សារព័ត៌មានជាតិនៅប៉ុន្មានឆ្នាំចុងក្រោយនេះ បញ្ជាក់ថាមានក្រុមហ៊ុនបរទេសមួយចំនួនបានបោះទុនវិនិយោលើរោងចក្រដំឡើងរថយន្តនៅកម្ពុជាតាមតំបន់សេដ្ឋកិច្ចមួយចំនួន ។
១-រោងចក្រ Daehan Auto Cambodia
រោងចក្រកូរ៉មួយនេះទើបតែចូលមកប្រទេសកម្ពុជាកាលពីខែឧសភាដើមឆ្នាំនេះ ដែលបោះទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស Intervia Automobile Industry Complex ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ រោងចក្រដំឡើងរថយន្តនេះ មានកម្មករសរុបចំនួន២៤៣នាក់ ក្នុងនោះនារី មានចំនួន៤៣នាក់។ បច្ចុប្បន្នរោងចក្រនេះកំពុងធ្វើសកម្មភាពដំឡើងរថយន្តផ្ទាល់របស់ខ្លួន សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក ដែលក្នុងនោះមានជារថយន្តប្រភេទដឹកកម្មករ ដឹកទំនិញ និងប្រភេទរថយន្តផ្សេងៗទៀត។
រោងចក្រ Daehan គ្រោងផលិតរថយន្តប្រភេទដឹកជញ្ជូននិងទេសចរណ៍ឱ្យបាន២ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ រថយន្តតម្លៃចាប់ពីជាង២ម៉ឺនដុល្លារ ដល់ជាង ៤ម៉ឺនដុល្លារ ហើយក្រុមហ៊ុនមានផែនការផលិតសម្រាប់លក់តែក្នុងស្រុកប៉ុណ្ណោះ ។
២-រោងចក្រ Hyundai
រោងចក្រដំឡើងរថយន្ត Hyundai នៅខេត្តកោះកុងត្រូវបានបើកដំណើរការក្រោមការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Hyundai KH Motors និងក្រុមហ៊ុន លីយ៉ុងផាត់(ខេមបូឌា)កាលពីឆ្នាំ ២០១១ កន្លងទៅ ។
ប្រភពពីឲ្យដឹងថា កាលពីឆ្នាំ២០១៣ ក្រុមហ៊ុននេះដំឡើងរថយន្តប្រភេទ SUV និង រថយន្តប្រភេទ 12 កៅអី សម្រាប់លក់ឲ្យតែទីផ្សារក្នុងស្រុកប៉ុណ្ណោះ ហើយមានគម្រោងកែប្រែទីផ្សារនាំចេញទៅក្រៅប្រទេសផងដែរ ។
រហូតដល់ឆ្នាំ២០១៧ រោងចក្រដំឡើងរថយន្តកូរ៉េ Hyundai បានពង្រីកទំហំ ប្រតិបត្តិការរបស់ខ្លួនបន្ថែមទៀតក្នុងប្រទេសកម្ពុជា ស្របពេលដែលចំនួនអ្នកប្រើប្រាស់រថយន្តថ្មី ក្នុងឧស្សាហកម្មមួយនេះបន្តកើនឡើង។
៣- ក្រុមហ៊ុន Tan Choug Group
កាលពីឆ្នាំ២០១៦ កន្លងទៅ ក្រុមហ៊ុន Tan Choug Group របស់ប្រទេសម៉ាឡេស៊ី បានស្នើរសុំដល់រដ្ឋាភិបាលកម្ពុជាដំឡើងរោងចក្ររបស់ខ្លួន ។ ក្រុមហ៊ុននេះមានប្រវត្តិក្នុងការដំឡើងរថយន្ត រយៈពេល៦០ឆ្នាំមកហើយ ហើយក៏មានបទពិសោធន៍ក្នុងការផលិតបំណែកឬគ្រឿងរថយន្តរយៈពេល ៤៥ឆ្នាំមកហើយ ។ ក្រុមហ៊ុន Tan Choug Group មានរោងចក្រនៅក្នុងប្រទេសវៀតណាម ប្រទេសម៉ាឡេស៊ី និងប្រទេសមីយ៉ាន់ម៉ា ហើយក៏ចង់ឱ្យមានរោងចក្រនៅក្នុងប្រទេសកម្ពុជាផងដែរ ដើម្បីធ្វើយ៉ាងណា បម្រើឱ្យទីផ្សារអាស៊ានទាំងមូល ។
Tan Chong Group ផ្តោតលើការផលិតរថយន្ត Nissan, Infinity និង Datsun ដែលបានផ្តល់ឱកាសការងារ ១០០០កន្លែងនៅជំហានដំបូង ។
៤- ក្រុមហ៊ុន INTERNATIONAL VCV INDUSTRY CO., LTD
កាលពីដើមឆ្នាំ២០១៨ កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា CDC បានអនុញ្ញាតលើគម្រោងរោងចក្រដំឡើងរថយន្តមួយទៀតឈ្មោះថា INTERNATIONAL VCV INDUSTRY CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤,០៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨២០កន្លែង៕ អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា