Detail Top Banner

សំណង់សណ្ឋាគារមួយ ដែលសាងសង់រំលោភលើផ្លូវ អាជ្ញាធរខេត្តសៀមរាបចុះផ្អាក

សៀមរាប ៖ យោងតាមគេហទំព័រ AKP បានសរសេរថា សំណង់សណ្ឋាគារដ៏ធំមួយកន្លែង ដែលកំពុងសាងសង់លើផ្លូវ ត្រូវរដ្ឋបាលក្រុង និងខេត្ត ចុះទៅផ្អាក និងកំណត់អោយរុះរើមួយផ្នែកចេញជាបន្ទាន់ ។

សំណង់សណ្ឋាគារ ដែលត្រូវបានមន្ត្រីចុះទៅកំណត់អោយរុះរើ នាព្រឹកថ្ងៃទី២៣ខែមករា ឆ្នាំ២០២០នេះ ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ត្រង់ចំណុចក្បែរផ្សារ ផល្លារាត្រីអង្គរ ។

សណ្ឋាគារខាងលើនេះមានឈ្មោះ(ជាតិថាតាអង្គរ) ប៉ុន្តែក្នុងកំណត់ហេតុរបស់សមត្ថកិច្ច ដែលមានឈ្មោះគង់ប៊ុនហេង ភេទប្រុសជាអ្នកតំណាងអោយម្ចាស់សំណង់ ។


ក្នុងពេលវាស់វែង និងកំណត់តាមប្លង់ សណ្ឋាគារខាងលើនេះ បានសាងសង់ចូលមកលើផ្លូវចំនួន២ម៉ែត្រ ។ ករណីនេះត្រូវរដ្ឋបាលក្រុង និងខេត្ត កំណត់អោយរុះរើដោយគ្មានលក្ខខ័ណ្ឌចាប់ពីថ្ងៃទី២៣ខែមករានេះតទៅ ក្នុងករណីម្ចាស់មិនអនុវត្តតាមនោះ អាជ្ញាធរនឹងចាត់វិធានការរុះរើដោយមិនទទួលខុសត្រូវរាល់ការខូចខាតអ្វីទាំងអស់ ។

លោកអ៊ុឹង សុភ័ណ នាយកទីចាត់ការអន្តរវិស័យសាលាខេត្តសៀមរាប ដែលដឹកនាំកម្លាំងចុះទៅអនុវត្ត សុំមិនធ្វើអត្ថាធិប្បាយទេ។ ប៉ុន្តែលោកបានព្រលយពាក្យមួយឃ្លាថា ផ្នែកខាងជើងសណ្ឋាគារនេះ បានសាង់សង់រំលោភមកលើផ្លូវខាងមុខ២ម៉ែត្រឯខាងក្រោយ១,៨៥​ម៉ែត្រ ។

ក្រៅពីនោះផ្នែកខាងមុខ (ខាង កើត)នៃសណ្ឋាគារ ក៏សង់ចូលចំណីផ្លូវផងដែរ ប៉ុន្តែក្រោយពេលអាជ្ញាធរកសាង និងពង្រីកផ្លូវ នឹងអនុវត្តតាមភាពជាក់ស្តែង ។

ក្នុងពេលកម្លាំងចម្រុះ ចុះអនុវត្តដោយប្រើ (GPS)វាស់ស្ទង់ ពលរដ្ឋដែលមានលំនៅដ្ឋាន ខាងក្រោយសណ្ឋាគារខាងលើ បានលើកដៃសំពះ បង្ហាញពីក្តីសាទរ បន្ទាប់ពីបានរស់នៅជាមួយភាពតូចចង្អៀត មានតែផ្លូវម៉ូតូជាង១០ឆ្នាំកន្លងមកនេះ ។

ពលរដ្ឋម្នាក់ក្នុងចំណោម៨ ទៅ៩គ្រួសារបានប្រាប់ថា កាលពីជាង១០ឆ្នាំមុន អាជ្ញាធរតម្រូវអោយពួកគាត់បង្ខិតព្រំហើយទុកផ្លូវ៦ម៉ែត្រ។ លុះពួកគាត់បង្ខិតតាមការកំណត់ហើយ បែជាម្ចាស់សណ្ឋាគារខាងលើសាងសង់លើផ្លូវអស់មួយផ្នែកធំ ធ្វើអោយផ្លូវសម្រាប់ចូលផ្ទះពួកគាត់នៅសល់ត្រឹមមួយម៉ែត្រ ទោះពួកគាត់ប្តឹងតវាសុំជួយអន្តរាគមន៍យ៉ាងណាក៏គ្មានដំណោះស្រាយ ដែលរឿងនេះត្រូវអូសបន្លាយរហូតជាង១០ឆ្នាំ។ ក្រុមពលរដ្ឋទាំងនោះបានអះអាងថា តាមពិតម្ចាស់សណ្ឋាគារខាងលើ មានឈ្មោះសែ សាមុត អតីតប្រធាន មន្ទីរសូរិយោដីសំណង់និងគនររូបនីកម្មខេត្តសៀមរាប។ ចឹងហើយទើបបានថ្នាក់ដឹងនាំខេត្តពិបាកក្នុងការអន្តរាគមន៍ រឿងបើកផ្លូវបែបនេះ។

យោងតាមលក្ខខ័ណ្ឌ ដែលរដ្ឋបាលក្រុង និងខេត្តតម្រូវអោយរុះរើ គេរំពឹងថា ម្ចាស់សំណង់សណ្ឋាគារខាងលើ និងសហការ ហើយពលរដ្ឋ៨ ទៅ៩គ្រួសារដែលរស់នៅស្ទើគ្មានច្រកចេញចូលជាង១០ឆ្នាំមកនេះ និងមានផ្លូវចេញចូលដូចពលរដ្ឋទូទៅ ក្នុងខេត្ត នាពេលដ៏ខ្លីខាងមុខ ។

សូមជម្រាបជូនថា ការចុះអនុវត្តវិធានការផ្អាក និងរុះរើសំណង់សណ្ឋាគារនេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការណែនាំជាច្រើនក្នុងការត្រួតពិនិត្យមើលគុណភាពសំណង់ និងភាពស្របច្បាប់ក្នុងការសាងសង់ ដើម្បីបង្កើនប្រសិទ្ធភាពគ្រប់គ្រងវិស័យសំណង់ ក្រោយពីសំណង់អគារនៅខេត្តព្រះសីហនុ និងខេត្តកែបត្រូវបានបាក់រលំជាបន្តបន្ទាប់ក្នុងពេលកំពុងសាងសង់ មិនទាន់រួចរាល់ផងធ្វើឱ្យស្លាប់ និងរបួសកម្មករជាច្រើននាក់ ៕ អត្ថបទនិងរូបភាព លោក គឿន វេត និងកែសម្រួលដោយ លីវ សុខុន

អត្ថបទដែលជាប់ទាក់ទង