មន្ទីរសុខាភិបាលខេត្តសៀមរាប ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយមន្ទីរពេទ្យ Rajavithi នៃប្រទេសថៃ

សៀមរាប៖ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងមន្ទីរសុខាភិបាលខេត្ត ជាមួយ មន្ទីរពេទ្យ Rajavithi Hospital នៃប្រទេសថៃ បានធ្វើឡើង នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។

ពិធីចុះហត្ថលេខានេះ ស្ថិតក្រោមវត្តមានរបស់លោក ពិចិត្រ ប៊ុនស៊ុត (Pichit Boonsud) តំណាងស្ថានទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ។ ភាគីហត្ថលេខី ខាងកម្ពុជាមានលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប និងខាងភាគីថៃ លោកវេជ្ជបណ្ឌិត សាអាត ទ្រីពង្សករុណា នាយកមជ្ឈមណ្ឌល អង់ដូស្កុប នៃមន្ទីរពេទ្យ Rajavithi ដែលជាមជ្ឈមណ្ឌលជំនាញវះកាត់ដ៏ធំ និងទំនើប ។ លោកវេជ្ជបណ្ឌិត សាអាត ទ្រីពង្សករុណា មានប្រសាសន៍ថា ៖ មន្ទីរពេទ្យ Rajavithi គឺជាមន្ទីរពេទ្យមួយរបស់នាយកដ្ឋានសេវាកម្មវេជ្ជសាស្ត្រ នៃក្រសួងសុខភាពសាធារណ:នៃប្រទេសថៃ មានទីតាំងនៅទីក្រុងបាងកក ។ មន្ទីរពេទ្យនេះ មានបេសកកម្មសហការព្យាបាល និងមានភារកិច្ចទទួលខុសត្រូវដ៏សំខាន់ ក្នុងការពង្រីក-ពង្រឹងសមត្ថភាព និងស្រាវជ្រាវវិទ្យាសាស្ត្របច្ចេកទេសវេជ្ជសាស្ត្រ សម្រាប់គ្រូពេទ្យប្រទេសថៃ និងកម្ពុជា សង្ឃឹម និងជឿជាក់ថា ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ នឹងមានសុខភាពល្អប្រសើរ ប្រកបដោយគុណភាពខ្ពស់ ។ មន្ទីរពេទ្យនេះ មានការលើកកម្ពស់ ការឧត្ថម្ភ គាំទ្រ និងមានយន្តការច្បាស់លាស់ក្នុងការបង្កើតនូវរូបមន្តនៃការសិក្សា ស្រាវជ្រាវ ការធ្វើនាវានុវត្តន៍ខាងវេជ្ជសាស្ត្រ បង្កើតនូវបរិយាកាសសម្រាប់ការសិក្សា ដើម្បីផ្លាស់ប្ដូរ ចែករំលែកចំណេះដឹង និងបទពិសោធន៍ ។ មន្ទីរពេទ្យ Rajavithi មានយុទ្ធសាស្ត្រច្បាស់លាស់ ក្នុងការឆ្លើយតបទៅ និងគោលនយោបាយឆ្ពោះទៅមុខ ដើម្បីសហគមន៍អាស៊ាន និងដើម្បីសម្រេចបាននូវគោលបំណងក្នុងការពង្រឹងប្រព័ន្ធសេវាកម្ម នៃវិទ្យាសាស្រ្តសុខាភិបាល និងយុទ្ធសាស្ត្រសុខភាពសាធារណ: ។

វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានឲ្យដឹងថា ៖ ផ្អែកលើការចុះកិច្ចព្រមព្រៀងនេះ មន្ទីរពេទ្យបង្អែកខេត្តនឹងបញ្ជូនគ្រូពេទ្យទៅទទួលយកការបណ្តុះបណ្តាល បំប៉នបន្ថែមលើសមត្ថភាពជំនាញផ្នែកវះកាត់ ។ នេះជាលើកដំបូងហើយ ដែលមន្ទីរសុខាភិបាលខេត្ត បានចុះកិច្ចព្រមព្រៀងជាមួយមន្ទីរពេទ្យ Rajavithi ដែលជាមន្ទីរពេទ្យរដ្ឋដ៏ធំនៃប្រទេសថៃ ។

លោកបញ្ជាក់ថា ការវះកាត់ដោយឡាប៉ារ៉ូស្កុប និង អង់ដូស្កុប គឺជាការវះកាត់តាមបែបបច្ចេកទេសទំនើប ដែលមានស្នាមវះកាត់តូច រហ័ស និងមានប្រសិទ្ធភាព ។ ការវះកាត់ដោយប្រើឧបករណ៍វេជ្ជសាស្រ្តទំនើបនេះ នៅប្រទេសថៃគឺជាកម្មវិធីមួយ ដែលអ្នកជម្ងឺត្រូវបានវះកាត់ព្យាបាល នឹងអាចវិលត្រឡប់ទៅកាន់គេហដ្ឋានវិញតែក្នុងរយ:ពេល១ថ្ងៃប៉ុណ្ណោះ ។ ទាំងនេះ វាមិនត្រឹមតែបានបង្ហាញអំពីប្រសិទ្ធភាពនៃការព្យាបាលដោយវះកាត់ប៉ុណ្ណោះទេ តែបញ្ហាគ្រែសម្រាកព្យាបាលរបស់មន្ទីរពេទ្យសម្រាប់អ្នកជម្ងឺ ក៏ពុំមានចំណោទនោះឡើយ ។

លោកថា ជាក់ស្តែងនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបបច្ចុប្បន្ន ការព្យាបាលអ្នកជម្ងឺដោយវះកាត់ អ្នកជម្ងឺនឹងអាចសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រមាណពី ៤ទៅ ៥ថ្ងៃ ដូច្នេះក្នុងករណីដែលមានអ្នកជម្ងឺត្រូវវះកាត់ច្រើន គ្រែអ្នកជម្ងឺនឹងត្រូវជួបបញ្ហាខ្វះខាត ។ លោក សង្ឃឹមថា អនាគត មន្ទីរពេទ្យបង្អែកខេត្ត នឹងមានសមត្ថភាព និងលទ្ធភាព ប្រើប្រប្រាស់កម្មវិធី ១ថ្ងៃ សម្រាប់ការព្យាបាលវះកាត់ ដូចមន្ទីរពេទ្យ Rajavithi Hospital ៕

អត្ថបទដែលជាប់ទាក់ទង