Detail Top Banner

សម្តេចក្រឡាហោម ស ខេង ៖ ឆ្នាំ​២០២០ ជា​ឆ្នាំ​នៃ​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់ ស្តីពីចរាចរណ៍​ផ្លូវគោក​

(​ភ្នំពេញ​)៖ ដើម្បី​ទប់ស្កាត់ និង​កាត់បន្ថយ​ជា​អតិបរមា​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុង​ឆ្នាំ​២០២០នេះ អនុវត្តតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា «​ថ្ងៃនេះ ថ្ងៃស្អែក កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​» គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដែលមាន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជា​ប្រធាន បានប្រកាស យក​ឆ្នាំ​២០២០ ជា​ឆ្នាំ​នៃ​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់ ស្តីពី ចរាចរណ៍​ផ្លូវគោក​។

​ក្នុង​សេចក្តីប្រកាស ចុះ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២០ សម្តេច​ក្រឡាហោម ស ខេង បាន​លើកឡើងថា យោងតាម​សភាពការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុង​ឆ្នាំ​២០១៩ កន្លងទៅនេះ បានបង្ហាញ​ឲ្យ​ឃើញថា គ្រោះថ្នាក់​ចរាចរណ៍ មាន​កំណើន​យ៉ាងគំហុក ទាំង​ស្លាប់ ទាំង​របួស និង​ទាំង​ការខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ ទ្រព្យសម្បត្តិ​ឯកជន បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨​។ ជាក់ស្តែង អ្នកស្លាប់ កើនឡើង​ចំនួន ២២០ នាក់ ស្មើនឹង ១២% និង​អ្នករបួស​កើនឡើង​ចំនួន ១៣៧១​នាក់ ស្មើនឹង ២៩%​។ ទាំងនេះ មូលហេតុ​ដោយសារ​កត្តា​សំខាន់​បីយ៉ាង គឺ​កត្តា​កំណើន​យានយន្ត ( ប្រមាន ៣៧% ) កត្តា​ហេដ្ឋារចនាសម្ព័ន្ធ ដែល​មិនមាន​តុល្យភាព​នឹង​កំណើន​យានយន្ត និង​កត្តា​ឥរិយាបថ​របស់​អ្នកប្រើប្រាស់​ផ្លូវ ដែល​មិន​គោរព និង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​ម៉ឺងម៉ាត់​។​ ​ដើម្បី​ទប់ស្កាត់ និង​កាត់បន្ថយ​ជា​អតិបរមា​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុង​ឆ្នាំ​២០២០ នេះ អនុវត្តតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា «​ថ្ងៃនេះ ថ្ងៃស្អែក កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​» សម្តេច​ក្រឡាហោម ស ខេង ក្នុងនាម​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ណែនាំ ៤ ចំណុច រួមមាន​៖

ក-​ក្រសួង ស្ថាប័ន អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ថ្នាក់ ក្រុមហ៊ុន រោងចក្រ សហគ្រាស និង​សាលារៀន​… ត្រូវ​បន្ត និង​បង្កើន​ការផ្សព្វផ្សាយ ការអប់រំ​ច្បាប់ ស្តីពី ចរាចរណ៍​ផ្លូវគោក ដល់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ បុគ្គលិក កម្មករ សិស្ស និស្សិត​ ឲ្យ​ប្រកាន់ខ្ជាប់​នូវ​ការគោរព​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក​។ ទន្ទឹមនេះ ត្រូវ​បញ្ចូល​ស្មារតី​គោរព​ច្បាប់ ស្តីពី ចរាចរណ៍​ផ្លូវគោក ទៅក្នុង​បទបញ្ជាផ្ទៃក្នុង​ក្រសួង ស្ថាប័ន … របស់ខ្លួន​។​

ខ-​អ្នកបើកបរ​យានជំនិះ​គ្រប់​ប្រភេទ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​សីលធម៌ ១០ ចំណុច ឱ្យបាន​ដាច់ខាត ( ដកស្រង់​ចេញពី​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ) ដែលមាន​ដូចខាងក្រោម​៖

១.​ត្រូវ​ចេះ​បើកបរ​

២.​ត្រូវ​ពាក់មួក​សុវត្ថិភាព​

៣.​ត្រូវ​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​

៤.​ត្រូវ​ប្រកាន់​ស្តាំ​

៥.​ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​

៦.​ត្រូវ​ប្រុងប្រយ័ត្ន​ជានិច្ច​

៧.​មិនត្រូវ​បើកបរ​លើស​ល្បឿន​កំណត់​

៨.​មិនត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​

៩.​មិនត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿងញៀន

១០.​មិនត្រូវ​បើកបរ​ក្នុងស្ថានភាព​ងងុយដេក​​

គ-​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​ប្រកាស​យក​ឆ្នាំ​២០២០ ជា​ឆ្នាំ​នៃ​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់ ស្តីពី ចរាចរណ៍​ផ្លូវគោក​។​

ឃ.​អគ្គលេខាធិការដ្ឋាន អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ទាំងអស់ និង​កងកម្លាំង​អនុវត្ត​ច្បាប់ ស្តីពី ចរាចរណ៍​ផ្លូវគោក ត្រូវយក​អស់​ស្មារតី​ទទួលខុសត្រូវ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ ដោយ​ស្មើភាព ដោយ​គ្មាន​ការលើកលែង ដោយ​តម្លាភាព និង​ប្រកបដោយ​សីលធម៌​វិជ្ជាជីវៈ សំដៅ​ជំរុញ​អ្នកប្រើប្រាស់​ផ្លូវ​ឱ្យ​គោរព​ច្បាប់ ឲ្យ​បាន​ម៉ឺងម៉ាត់​៕​

អត្ថបទដែលជាប់ទាក់ទង