មន្ត្រីកាំកុងត្រូលចុះពិនិត្យទំនិញ នៅតាមស្តង់ពិពណ៍ នាមាត់ទន្លេ ក្រុងតាខ្មៅ
ខេត្តកណ្តាល៖ ដើម្បីធានាបានននូវសុវត្ថិភាពចំណីអាហារ ជូនប្រជាពលរដ្ឋ និងផលិតផលប្រើប្រាស់ដែលដាក់លក់នៅតាមបណ្តាស្តង់ពិពណ៍ពាណិជ្ជកម្មថៃ នៅមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ មន្ត្រីសាខាកាំកុងត្រូលខេត្ត បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម ចុះពិនិត្យមុខទំនិញដាក់លក់នៅក្នុងពិពណ៍ពាណិជ្ជកម្មថៃ ក្នុងការចុះពិនិត្យមន្ត្រីសាខាកាំកុងត្រូល បានពិនិត្យទៅលើ សាច់ប៉ាតេ ប្រហិតសាច់គោ សរសៃគុយទាវ ប្រហិតកញ្ចប់ថៃ សាច់ក្តាម តំណាប់ផ្លែឈើ និងនំស្រួយ នាំចូលពីប្រទេសថៃ និងបានធ្វើតេស្តបឋមទៅលើសាច់ប៉ាតេ សរសៃគុយទាវ និងប្រហិតសាច់គោ ។
លទ្ធផល ពុំបានរកឃើញសារធាតុគីមីហាមឃាត់នៅក្នុងគំរូផលិតផលទាំងនោះទេ ហើយមន្ត្រីសាខាកាំកុងត្រូលក៏បានជំរាបជូនដល់អាជីវករទាំងអស់ថា ការចុះពិនិត្យពេលនេះ គឺសំដៅធានាថាម្ហូបអាហារ គ្រឿងបរិភោគ និងផលិតផលផ្សេងៗ ដែលលក់ឲ្យប្រជាពលរដ្ឋយកទៅប្រើប្រាស់មិនមានហួសកាលបរិច្ជេទ រឺខូចគុណភាពនោះទេ។
រឺឯម្ហូមអាហារវិញ ត្រូវធានាថា មានគុណភាព និងរសជាតិ និងមានអនាម័យ ដើម្បីជាប្រយោជន៏ និងសុខភាពរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា។
មន្ត្រីសាខាកាំកុងត្រូលខេត្តកណ្តាល ក៏បានអំពាវនាវដល់អាជីវករទាំងអស់ ត្រូវផ្តល់នូវសេវាមុខទំនិញរបស់ខ្លួនអោយបានល្អត្រឹមត្រូវ និងបានផ្សព្វផ្សាយអំពីរបៀបតាំងលក់ផលិតផលម្ហូបអាហារ និងការដាក់ស្លាកតំលៃផលិតផលជាប្រាក់រៀលជូនដល់អាជីវករផងដែរ។
ជាមួយគ្នានោះ មន្រ្តីសាខាកាំកុងត្រូល បានធ្វើកិច្ចសន្យាជាមួយអាជីវករដែលដាក់លក់នំ និងតំណាប់ផ្លែឈើជាប្រអប់តូច ដោយគ្មានផ្លាកសញ្ញា និងរយៈពេលប្រើប្រាស់ មិនត្រឹមត្រូវតាមលក្ខណៈច្បាប់ និងបានផ្សព្វផ្សាយអំពីរបៀបតាំងលក់ផលិតផលម្ហូបអាហារ និងការដាក់ស្លាកតំលៃផលិតផលជាប្រាក់រៀលជូនដល់អាជីវករផងដែរ ៕