បច្ចុប្បន្ន កម្ពុជាមានទំនាក់ទំនងការទូត ជាមួយប្រទេសចំនួន១៧៤ នៅលើពិភពលោក

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញបើកសន្និបាត​បូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួង។

ទិសស្លោក កែទម្រង់ផ្ទៃក្នុង និងបង្កើនមិត្តនៅក្រៅ ឈរលើស្មារតីឯករាជ្យជាតិ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញនោះ ពិតជាសមស្របបំផុតទៅនឹងការងាររបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ មកដល់ពេលនេះ យើងបានភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេសចំនួន១៧៤ ហើយមានស្ថានតំណាងប្រចាំនៅបរទេសចំនួន៦៣ ។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា គិតមកដល់ពេលពេលបច្ចុប្បន្ននេះ កម្ពុជាមានទំនាក់ទំនងការទូត ជាមួយប្រទេសចំនួន១៧៤ នៅលើពិភពលោក។ ឆ្នាំ២០១៩កន្លងទៅ កម្ពុជាបានចាប់ផ្តើមស្តារទំនាក់ទំនងការទូត និងមិត្តភាពជាមួយប្រទេសនានា ដែលជាមិត្តចាស់របស់ខ្លួន រួមមានសាធារណរដ្ឋឆែក ប៊ុលហ្គារី ហុងគ្រី រូម៉ានី ស៊ែប៊ី។ កម្ពុជា ថែមទាំងបានទិញអគាររៀបចំស្ថានទូតនៅទីក្រុងអង់ការ៉ា ចាប់ផ្តើមជួសជុលស្ថានទូត នៅទីក្រុងសូហ្វីយ៉ា និង បែលក្រាដ បើកស្ថានអគ្គកុងស៊ុលថ្មី នៅទីក្រុងហៃគូ និងកំពុងគិតគូរបើកស្ថានទូតថ្មី នៅប៊ូដាប៉េស្ត៍ផងដែរ។

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងបន្ថែមថា ដោយសារមានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចជាប្រមុខការទូតដ៏ឆ្នើមរបស់កម្ពុជា និងការគាំទ្រ និងកិច្ចសហប្រត្តិបត្តិការល្អពីបណ្តាក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ក៏ដូចជាការខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត និងដោយមិនខ្លាចនឿយហត់ពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួងការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិ ដើម្បីសម្រេចឲ្យបានជោគជ័យនូវកំណែទម្រង់ដ៏ធំ ទើប សមិទ្ធផលជាច្រើនដែលកម្ពុជាបានសម្រេចជាបន្តបន្ទាប់មកដល់ពេលនេះ ៕

អត្ថបទដែលជាប់ទាក់ទង