សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអប់រំដល់អនុប្រធានអង្គការ Human Right Watch

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានមានប្រសាសន៍អំពីវិទ្យុបរទេសដែលផ្សាយជាភាសារខ្មែរដោយបានយកសម្តី អនុប្រធានអង្គការឃ្លាំមើលខាងសិទ្ធិមនុស្ស (Human Right Watch) ឈ្មោះ ហ្វៀល រ៉ូបឺតសុន (Phil Robertson) ដែលនិយាយដោយចេតនាអាក្រក់ថា “គួតែស្តីបន្ទោសរដ្ឋាភិបាលកម្ពុជា ដែលបើកឲ្យមានការហោះហើយពីទីក្រុង វូហានប្រទេសចិន មកចុះចតនៅខេត្តព្រះសីហនុ ដែលនាំជំងឺឆ្លងកូរ៉ូណាមកកម្ពុជា” ។

នេះបើយោងតាមប្រសាសន៍ សម្តេចតេជោ នៅក្នុងឱកាសអញ្ជើញថ្លែងសន្និសីទសារព័ត៌មានអំពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) នៅវិមានសន្តិភាពកាលពីព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចមានការសោកស្តាយចំពោះការលើកឡើងដោយអគតិក្នុងចេតនាអាក្រក់របស់បុគ្គល Phil Robertson ហើយសម្តេចតេជោបានផ្តាំថា ” លោកឯងត្រូវនិយាយពាក្យដូចគ្នានេះទៅកាន់ប្រទេសដទៃៗទៀត ដែលកំពុងមានករណីវីរ៉ុសឆ្លងដូចគ្នានេះផង កុំបង្កការរករឿងតែមកលើកម្ពុជា។ ក្នុងពេលនេះប្រទេសរបស់លោកឯងក៏មានជំងឺឆ្លងនេះដែរ លោកឯងគួរតែទៅស្តីបន្ទោសរដ្ឋាភិបាលខ្លួនឯងផង កុំចាំបាច់មកបន្ទោសរាជរដ្ឋាភិបាលកម្ពុជា ព្រោះករណីឆ្លងវីរ៉ុសថ្មីកូរ៉ូណានេះ ក៏កំពុងកើតឡើងនៅក្នុងប្រទេសដ៏ទៃរួមទាំងប្រទេសរបស់លោកឯងផងដែរ ហើយចំពោះប្រទេសកម្ពុជាវិញ គឺមកទល់ពេលនេះមិនមានប្រជាពលរដ្ឋខ្មែរណាម្នាក់បានឆ្លងជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) នៅឡើយទេ។ ”

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរអ្នកសារព័ត៌មាន និងអ្នកផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមហ្វេសបុគ facebook និង online ទាំងឡាយដែលមានវិជ្ជាជីវៈត្រឹមត្រូវដែលបានជួយផ្សព្វផ្សាយព័ត៌មានពិតប្រឆាំងព័ត៌មានក្លែងក្លាយ។

ទន្ទឹមនឹងនេះ សម្តេចតេជោ បានបញ្ជាឲ្យក្រសួងព័ត៌មានចាត់វិធាការចាំបាច់ចំពោះប្រភពព័ត៌មានក្លែងក្លាយដែលផ្សាយព័ត៌មានមិនពិត ៕

 

អត្ថបទដែលជាប់ទាក់ទង