សម្ដេចតេជោហ៊ុនសែនអញ្ជើញប្រកាសជាផ្លូវការ កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ឆ្នាំ២០២០

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចុចប៊ូតុងប្រកាសជាផ្លូវការថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ឆ្នាំ២០២០ សម្ដេចបានថ្លែងប្រកាសបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ។
តាមការបញ្ជាក់របស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិ បានឲ្យដឹងថា កម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះនិងជាប្រធានកិច្ច ប្រជុំកំពូលអាស៊ីអឺរ៉ុប ហៅកាត់ថា ASEM លើកទី១៣ ដែលកិច្ចប្រជុំនេះ នឹងរៀបចំនៅខែវិច្ឆិកា ឆ្នាំ២០២០។ កិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបលើកទី ១៣ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី១៦និង ១៧ វិច្ឆិកា ក្រោមប្រធានបទ «ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា» ។ ក្នុងនាមជាប្រធានកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប កម្ពុជានឹងត្រូវរៀបចំធ្វើកិច្ចប្រជុំកំពូលចំនួន៧ រួមមាន:
១. កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប
២. វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុប
៣. កិច្ចប្រជុំកំពូលថ្នាក់ ដឹកនាំវ័ យក្មេងមូលនិធិ អាស៊ី-អឺរ៉ុប
៤. វេទិកាតុមូលនិពន្ធនាយកមូលនិធិអាស៊ី-អឺរ៉ុប
៥. វេទិកាការងារអាស៊ី-អឺរ៉ុប
៦. វេទិកាប្រជាជនអាស៊ី-អឺរ៉ុប និង
៧. មហោស្រពវប្បធម៌កិច្ចប្រជុំអាស៊ី-អឺរ៉ុប ។
គួររំលឹកថា ក្នុងឱកាសអញ្ជើញចូរួមក្នុងសម័យប្រជុំបិទកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១២ នៅទីក្រុងប្រ៊ុចសែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្នាក់ដឹកនាំទាំងអស់នៃប្រទេសអាស៊ី និង អឺរ៉ុប មកចូលរួមកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ហៅកាត់ថា ASEM លើកទី១៣ នៅរាជធានីភ្នំពេញ។
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនេះ ជាវេទិកាសន្ទនាដែលមានគោលដៅជំរុញ និងលើកស្ទួយកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសអាស៊ី និងអឺរ៉ុប ដែលឈរលើគោលការណ៍ស្មើភាពគ្នា និងដើម្បីប្រយោជន៍រួមសមាជិកនៃវេទិកានេះមានប្រទេសអាស៊ី និងអឺរ៉ុបសរុបទាំងអស់ ៥១ប្រទេស បូកជាមួយលេខាធិការដ្ឋានអាស៊ាន និងសហភាពអឺរ៉ុប៕ ​by AKP

អត្ថបទដែលជាប់ទាក់ទង