ពិធី​ដាក់ឲ្យ​ប្រើប្រាស់​វីដេអូ​អប់រំ ស្តីពី​ការបង្ការ​ទប់ស្កាត់​ការរៀប​អាពាហ៍ពិពាហ៍​ក្នុង​វ័យ​កុមារ និង​ការ​មាន​ផ្ទៃពោះ​វ័យ​ជំទង់​

(​រតនគិរី​)៖ នៅ​ព្រឹក​ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២០ នៅ​សាលប្រជុំ​សាលាខេត្ត​រតនគិរី បាន​ប្រារព្ធ ធ្វើ​ពិធី​ប្រកាស​ដាក់អោយ​ប្រើប្រាស់​វីដេអូ ស្តីពី​ការបង្ការ​ទប់ស្កាត់​ការរៀប​អាពាហ៍ពិពាហ៍ វ័យ​កុមារ និង​ការ​មាន​ផ្ទៃពោះ​ជំទង់ ក្រោម​អធិបតីភាព លោកជំទាវ ចក់ មើល ប្រធាន គ​.​ក​.​ស​.​ក និង​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត កិច្ចប្រជុំ​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពីសំណាក់ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អង្គការ​ដៃគូ​ពាក់​ពន្ធ និង​សមាជិក សមាជិការ ជាច្រើនរូប​ផងដែរ ។

មានប្រសាសន៍​ក្នុង​ពិធី​ប្រកាស​ខាងលើ លោកជំទាវ ចក់ មើល បាន​លើកឡើងថា វិស័យ​សុខុមាលភាព​កុមារ​តាមរយៈ ការកាត់បន្ថយ​អំពើ​ហឹ​ង្សា​លើ​កុមារ ត្រូវបាន​រាជ​រដ្ឋា ភិ​បាល​យកចិត្តទុកដាក់​បំ​ផុត ហើយ​រាជរដ្ឋាភិបាល​បានប្រគល់​ភារកិច្ច ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​នេះ ជូន​ក្រសួង​ពាក់​ព​ន្ធ័​នានា និង​អាជ្ញា​ធរមាន​សម្ថ​កិច្ច​ទទួលខុសត្រូវ​គ្រប់គ្រង និង​ដោះស្រាយ ។

ដោយ​អនុវត្តតាម​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ថ្នាក់ ដឹកនាំ​ខេត្ត និង​អង្គការ​ដៃគូ បានធ្វើ​ផែនការ​សកម្មភាព​ទប់​ស្កាត់​អាពាហ៍ពិពាហ៍​កុមារ និង​ការ​មាន​ផ្ទៃពោះ​វ័យ​ជំទង់ សម្រាប់​ខេត្ត​រតនគីរី ឆ្នាំ​២០១៧-២០២១ ។

ផែនការ​នេះ​រួម ចំណែក​សម្រេច​ឱ្យបាន​នូវ​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​បញ្ឈប់​អា​ពា​ហ៍ ពិពាហ៍​ក្នុង​វ័យ​កុមារ និង​ការ​មាន​ផ្ទៃពោះ​ក្នុង​វ័យ​ជំទង់​ដែលជា​ផ្នែក​មួយ​នៃ​ការអនុវត្ត​ន៏ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ដោយ​កាត់បន្ថយ ការ​មាន​ផ្ទៃពោះ​របស់​មនុស្ស វ័យ​ជំទង់​និង​ការរៀប​អាពាហ៍ពិពាហ៍​ក្នុង​វ័យ​កុមារ នៅ​សហគមន៍​ជនជាតិដើម​ភាគតិច ខេត្ត​រតនគីរី ។

ពិធី​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់ និង​ផ្សព្វផ្សាយ​ឧបករណ៍ និង​វីដេអូ​នេះ ក្នុង​គោលបំណង ៖

១. ផ្សព្វផ្សាយ​ពី​ឧបករណ៍​អប់រំ​ផ្សព្វផ្សាយ វីដេអូ​អប់រំ​ដែល​បាន ផលិត ស្តីពី​អាពាហ៍ពិពាហ៍​វ័យ​កុមារ និង​ការ​មាន​ផ្ទៃពោះ​វ័យ​ជំទង់ និង​ណែនាំ​ពី​គម្រោង​ព្រមទាំង ផ្តល់​ព័​ត៍​មាន​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់​ដែលមាន​តួនាទី និង​កាតព្វកិច្ច​ក្នុងការ​ទប់ស្កាត់ អាពាហ៍ពិពាហ៍​វ័យ​កុមារ និង​ការ​មាន​ផ្ទៃពោះ​វ័យ​ជំទង់​។

២.​លើកកម្ពស់​ការចូលរួម​របស់​អ្នក ពាក់ព័ន្ធ និង​សហគមន៍ ជាពិសេស​កុមារី​ជនជាតិដើម​ភាគតិច​ខ្លួនឯង​ផ្ទាល់​ក្នុងការ ទប់ស្កាត់​អាពាហ៍ពិពាហ៍​វ័យ​កុមារ និង​ការ​មាន​ផ្ទៃពោះ​វ័យ​ជំទង់​។

៣. ផ្សព្វផ្សាយ​បង្កើន ការយល់ដឹង​ពី​ហានិភ័យ​ដែល​ពាក់ព័ន្ធ​លើ​ប​អាពាហ៍ពិពាហ៍​វ័យ​កុមារ និង​ការ​មាន​ផ្ទៃពោះ វ័យ​ជំទង់​។លោកជំទាវ​បាន​បន្តថា នៅ​ទូទាំង​សកលលោក​ក្នុង​មួយឆ្នាំៗ​មាន​កុមារី​ច្រើនជាង ១៤​លាន​នាក់ បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​វ័យ​កុមារ ក្រោម​អាយុ ១៨ឆ្នាំ​។

 

យោងតាម ការសិក្សា​ស្រាវជ្រាវ បឋម​ស្តីពី​អាពាហ៍ពិពាហ៍​វ័យ​កុមារ និង​កុមារ​ជា​មាតា ក្នុងចំណោម ក្មេងស្រី​អាយុ​ពី​១២​ឆ្នាំ​ដល់​១៧​ឆ្នាំ ខេត្តរតនគិរី ដែល​រៀបចំ​ដោយ គណៈកម្មាធិការ​ពិគ្រោះ យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ខេត្តរតនគិរី ឆ្នាំ​២០១៩ បាន​បង្ហាញថា​ក្មេងស្រី​ជាច្រើន នៅតែ​រៀបការ​នៅ​វ័យ​ជំទង់ ។ ក្មេងស្រី​ជំទង់​ម្នាក់​ក្នុងចំណោម​ក្មេងស្រី​ជំទង់ ០៩ នាក់​ដែល មាន​អាយុ​ពី​១២ ដល់ ១៧​ឆ្នាំ បាន​រៀប​អាពាហ៍ពិពាហ៍ ។ ក្មេងស្រី​ជំទង់​ក្នុង​ក្រុម​អាយុ ពី ១៥ ដល់ ១៧​ឆ្នាំ បង្ហាញ​ពី​អត្រា​រៀប​អាពាហ៍ពិពាហ៍​ខ្ពស់ជាង​ក្រុម​អាយុ​ដែល​ក្មេង ជាង ១២ ដល់ ១៤ឆ្នាំ ក្នុងស្រុក​វើ​ន​សៃ​មាន​ភាគរយ​ខ្ពស់បំផុត នៃ​ក្មេងស្រី​ដែល​បាន​រៀបការ ហើយ​ដែលមាន​អាយុ ១២ ដល់ ១៧ឆ្នាំ មាន​ចំនួន​១៩% អាយុ ១៥ ដល់ ១៧ឆ្នាំ មាន​៣៣% ។

ស្រដៀង​គ្នា​នេះដែរ ទិន្នន័យ​ស្តីពី​ស្ថានភាព​សម្រាលកូន​បាន​បង្ហាញថា ស្ថានភាព​សម្រាលកូន​ក្នុងចំណោម​ក្មេងស្រី​វ័យ​ជំទង់ នៅតែ​ជា​ក្តីបារម្ភ​មួយ​ក្នុង​ខេត្តរតនគិរី ក្មេងស្រី​វ័យ​ជំទង់ ៨ % ដែលមាន​អាយុ​ពី ១២ ដល់ ១៧ឆ្នាំ ​បាន​សម្រាលកូន ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៨ ។

ក្មេងស្រី​ម្នាក់ ក្នុងចំណោម​ក្មេងស្រី ៨នាក់​ ដែលមាន អាយុ​ពី ១៥ ដល់ ១៧ឆ្នាំ និង​ម្នាក់​ក្នុងចំណោម​ក្មេងស្រី ២៥នាក់ ដែលមាន​អាយុ ១២ ដល់ ១៤​ឆ្នាំ ត្រូវបាន​កត់ត្រា​ថា​ បាន​សម្រាលកូន​។

​លោកជំទាវ​បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​អង្គការ​យូ​នី​សេ​ស្វ ដែល​បានខិតខំ​ជ្រោមជ្រែង​គាំទ្រ និង​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​វីដេអូ​អប់រំ ស្តីពី​អាពាហ៍ពិពាហ៍ វ័យ​កុមារ​ក្នុង​ខេត្តរតនគិរី ទន្ទឹមនេះដែរ លោកជំទាវ​សូម​កោតសរសើរ​ចំពោះ គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ខេត្ត និង​ក្រុមការងារ​ដែល បាន​យកចិត្តទុកដាក់​មិន​ខ្លាច​នឿយហត់ និង​មានការ​អត់ធ្មត់​រៀបចំ​ពិធី​សម្ពោធ​នេះ​។

លោកជំទាវ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អង្គការ​ជាតិ​និង​អន្តរជាតិ​ទាំងអស់​ដែល​បាន​ជួយ​ដល់​កុមារ​កម្ពុជា ធ្វើ​ឲ្យ​កិច្ចការ​នានា​រីកចម្រើន​ជា​លំដាប់​៕ (​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី​)​

អត្ថបទដែលជាប់ទាក់ទង